Thursday, February 28, 2013

ជ្រៃឃ្មុំជំរំចិត្ត


ដើមត្នោតដុះទេរ           រៀបស្រែល្វឹងល្វើយ
ដើមឈើរហើយ            រាយស្លឹកត្រសង
ឫស្សីរេរង់                      ហាក់ជួយឆ្លើយឆ្លង
ជ្រៃឃ្មុំឃុំគ្រង                ទងភួងបុប្ផា។

ផ្កាអ្វីស្រស់ណាស់         មិនដែលជួបទេ
ល្អស្អាតជាងគេ             លើសអ្នកភូមិផង
ចេះតុបចេះតែង            ក្រៅក្នុងម៉ត់ហ្មង
ផ្ទះឈើនួនល្អង             សែនសមប្លង់ខ្មែរ។

ឱ!រសចំប៉ា                     ចិន្តាជ្រៃឃ្មុំ
ឬកពាររម្យទម               ប្រណម្យថ្នមថ្នាក់
ការងារស្រាលធ្ងន់         អត់ធន់ទុកដាក់
សប្បាយឥតអាក់          មិនដែលធ្លាក់ដៃ។

ផ្ទៃបឹងត្រជាក់                ឆ្លាក់ស្នេហ៍និស្ស័យ
ប្រលោមស្រស់ស្រី       ជ្រៃឃ្មុំដួងចិត្ត                                 
ផលបុណ្យបុព្វេ             លួងលោមនិម្មិត
បងលួចស្នេហ៍ពិត         សំរិទ្ធព្រៃវែង។

និពន្ធដោយ៖ ប៉ុក បញ្ញាវុធ  (២៧.០២.២០១៣)

Monday, February 25, 2013

រំចង់ព្រះត្រពាំង



ឱ!ព្រះត្រពាំង              ដួងចិត្តខ្ញុំអើយ
វាលស្រែល្វឹងល្វើយ      ធម្មជាតិខៀវខ្ចី
ជំនោរត្រជាក់              បក់មកប៉ីៗ
រែងនឹកអាល័យ            ដងស្ទឹងស្រុកថ្កូវ។

ឱ!ព្រះត្រពាំង              ភ្លឹកភ្លាំងស្មារតី
រំចង់រីកថ្មី                    ក្រអូបឈ្ងុយឈ្ងប់
រួសរាយរាក់ទាក់           រៀងរាល់ថ្ងៃយប់
ញាតិមិត្តប្រសព្វ           កោតសរសើរស្រី។

ឱះឱ!រំចង់                   បងសូមផ្សងស្នេហ៍
តើចិត្តមាសមេ             យល់ដែរឬអ្វី?
ចិត្តរៀមលួចប៉ង           បំណងលើស្រី
បន់អស់បារមី              វត្តជ្រៃគោកថែ។
                               
ឱ!ព្រះត្រពាំង              ជួយលោមបុប្ផា
ស្រះគូជួយចារ            ចិន្តាវរមិត្រ
ស្រលាញ់បងទៅ         បណ្តូលជីវិត
សូមកែវអាណិត           ដល់ចិត្តរៀមផង។

និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៥.០២.២០១៣)

Sunday, February 24, 2013

ធីតាសំឡេងខ្នុរណាំង




សូរផ្អែមពីរោះ              សមឈ្មោះធីតា
សំឡេងអស្ចារ្យ            បុប្ផាខ្នុរណាំង
ប៉ែនរ៉នភិរម្យ                ប្រជុំសម្រាំង
អ្នកចម្រៀងចាំង           ពីបាត់ដំបង។

ប៉ែនរ៉នកំប្លុក                ទុកតាំងពីក្មេង
ពូកែលលេង               ក្រមិចក្រមើម
គ្រូភ្លេងបង្រៀន            មានអ៊ឹមសុងសឺម
ហួយមាសរសផ្អែម       សាមគ្គីសុទ្ធា។

ប៉ែនរ៉នល្បីល្បាញ        នាដងស្ទឹងខៀវ
ហូរហែរកញ្ជ្រៀវ           ស្រៀវស្ញើចសរសើរ
ភាសារមទម្យ              សក្តិសមដំណើរ
កេរ្តិ៍ឈ្មោះប្រហើរ         លើអ្នកភូមិផង។

ពីហុកប្រាំមួយ             លាស់ត្រួយប្រសើរ
ប៉ែនរ៉នដំណើរ             ច្រៀងនៅភ្នំពេញ
ស៊ីនស៊ីសាមុត             ច្រៀងឥតទោម្នេញ
រួមទោលពោរពេញ       ខ្នុរណាំងសុសសាយ។

និពន្ធដោយ៖ ប៉ុក បញ្ញាវុធ  (២៣.០២.២០១៣)   

រសសំឡេងប៉ែនរ៉ន

រាត្រីស្ទឹងខៀវ







ព្រះសូរ្យគងភ្នំ              អោយខ្ញុំអាល័យ
ចិត្តនឹកមមៃ                 រាត្រីស្ទឹងខៀវ
រលករលេញ               ប្រដេញសាដៀវ
សូរគួចលួចស្រៀវ        ទុំទាវទឹកភ្នែក។

ស្ទឹងខៀវស្ទឹងចាស់       ចំណាស់សាស័ព្ទ
ច័ន្ទសាយរូបភ័ព្វ           ស្តាប់សូរវាតា
តំណក់ទឹកភ្នែក            រែកភពសោកា
ដូចដួងតារា                 មានតែរស្មី។

រាត្រីងងឹត                   បាំងបិទសិរី
ទួញសោកអាល័យ       នឹកគូស្នេហា
ព្រាត់បាត់សូន្យឈឹង     រំពឹងអ្នកណា
កលយុគពាធា             កៀររូបប្រុសទៅ។

វត្ថុសក្តិសិទ្ធិ                 បារមីដូនតា
សូមជួយរក្សា              ម្ចាស់ចិន្តាស្រី
ជួបតែក្តីសុខ                ផុតទុក្ខផុតភ័យ
វិលវិញណាថ្លៃ             និស្ស័យស្ទឹងខៀវ។

និពន្ធដោយ៖ ប៉ុក បញ្ញាវុធ​ (២២.០២.២០១៣)

សម្រស់នគររាជសីមា



ភ្នំវែងអន្លាយ               សាយជាប់ជើងមេឃ
ខ្ពង់រាបល្អប្លែក             ស្រស់ចម្លែកម្ល៉េះ
ដើមឈើធំៗ                ឫសកែវចាក់ស្រែះ
ផ្កាព្រៃថ្លៃទេស              វិសេសលោកា។

ដងទន្លេមូល                គូរជាប់ដីរាប
វាលស្រូវទំនាប            រៀបក្រុងសង្ហា
ដែនដីបុរាណ              អង្គរខេមរា
នគររាជសីមា              ចារជាប្រវត្តិ។

គន់ប្រាង្គប្រាសាទ        ស្អាតគ្មានអ្វីផ្ទឹម
រីកស្រស់ញញឹម          ក្នុងសួនពិសម័យ
ក្បាច់ថ្មរំលេច              ជាងពេជ្រចរណៃ
លើសដងគិរី               រមណីយបព្វតា។

ប្រជាស្រីប្រុស             ខ្ពស់ទាបរាបសារ
គោរពដូនតា               ក្បួនអក្សរសាស្ត្រ
ច្បាស់ប្រពៃណី            កន្ទ្រឹមល្អល្អះ
ជុំញាតិក្មេងចាស់         ពិម៉ៃស្នេហ៍អើយ។

និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (២២.០២.២០១៣)

ធីតាសំឡេងរនាតឯក


រសជាតិបុប្ផា               ក្លិនផ្កាស្វាយប៉ោ
ខ្យល់គួចថ្ងួចថ្ងូរ            សូរសៀងភិរម្យ
ធីតាហួយមាស           ធម្មជាតិស្រគំ
ពំនោលច្រៀងលោម    លួងសំឡេងសួគ៌។

អ្នកបាត់ដំបង              ទាំងពួងសរសើរ
ឈ្ងុយឈ្ងប់ប្រហើរ       រនាតឯកក្រុង
បទភ្លេងបន្លឺ                 ច្រៀងស្មូតយូរលង់
ស្រួយតូចត្រយង់         គ្រប់វង់ពិធី។

នាមមាសមេត្រី           ផ្សាយវិទ្យុជាតិ
គ្រប់អស់ផៅញាតិ        ឆ្លៀតត្រងសណ្តាប់
អត្ថាធិប្បាយ               ក្បោះក្បាយសាស័ព្ទ
ត្រឹមត្រូវតាមច្បាប់        ស័ព្ទសៀងពាក្យខ្មែរ។                      

ចំការសំរោង               កម្រងមិត្តអើយ
វាលស្រែល្វឹងល្វើយ     ស្រស់ស្រាយឆ្លើយឆ្លង
តួល្ខោននិយាយ          នារីផលផង                          
រនាតណែងណង         ឌឺដងកន្លង់។

រៀបរៀងដោយ៖ ប៉ុក បញ្ញាវុធ  (២៣.០២.២០១៣)


រសសំឡេងហួយមាស

កំលោះភ្នំពេញ



ភ្នំពេញសព្វថ្ងៃ             ស៊ីវិល័យហ៊ឺហា
កំលោះអស្ចារ្យ             ប៉ិនណាស់សំដី
ឃើញនាងក្មេងស្រស់   សាសងមេត្រី
មិនស្រណោះស្រី         ក្មេងខ្ចីស្រុកស្រែ។

នារីភូមិខ្ញុំ                    មិនលោមលលេង
កំលោះចាស់ក្មេង         ចោមលេងលែបខាយ
មកក្រុងភ្នំពេញ            មិនចាញ់ឧបាយ
កំលោះស្រុកអាយ        ចេញអោយឆ្ងាយទៅ។

កំលោះសម័យ            វាងវៃសង្ហា
ចេះច្រើនភាសា           ជប៉ុនចិនខ្មែរ
អង់គ្លេសថៃឡាវ           បារាំងកូរ៉េ
ចូលមកសុំស្នេហ៍         ថាទេសិនបង។

កំលោះរូបល្អ               បើប្រុសប្រាថ្នា
ចូលដល់មេបា             បុប្ផាស្រុកស្រែ
នារីរស់រម្យ                  ប្រពៃណីខ្មែរ
រោងការចាំស្នេហ៍         មាសមេខ្លាចអី។                                  

និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៧.០២.២០១៣)

កំលោះច័ន្ទបុរីនារីបាត់ដំបង



(រួម)៖ អូ.....អូៗៗៗៗ.....អូ.....អូៗៗៗៗ.....
(ប)៖ យើងជិះកង់លេង  ប្របស្ទឹងសង្កែ អូនមើលឃើញទេ កន្ទោងត្រសង
(ស)៖ប្រៀបដូចជារូប     អូនហើយនិងបង  ផ្សងជាគូគ្រង ចងស្នេហ៍ភក្តី។

(រួម)៖ អូ.....អូៗៗៗៗ.....អូ.....អូៗៗៗៗ.....
(ប)៖បងច័ន្ទបុរី     ស្មោះស្រីតែម្នាក់ ចូរអូនចាំជាក់ ចម្លាក់បេះដូង
(ស)៖ ក្រមុំភូមិខ្ញុំ   ក្រុងបាត់ដំបង     ដួងចិត្តស្មោះត្រង់​​ ជូនបងជានិច្ច។           

(រួម)៖ អូ.....អូៗៗៗៗ.....អូ.....អូៗៗៗៗ.....
(រួម)៖ជាតិនេះផុតទុក្ខ រួមសុខចិន្តា (ស)៖ព្រហ្មលិខិតចារ បុប្ផារីកថ្មី
(ប)៖ជាគូកន្លង់     ក្រុងច័ន្ទបុរី (រួម)៖រួមស្នេហ៍និស្ស័យ   លុះក្ស័យរៀងអើយ។

និពន្ធដោយ៖ ប៉ុក បញ្ញាវុធ  (១៧.០២.២០១៣)

រាត្រីអូរកែវ




សាយ័ណ្ហទន់ទើរ         លើដងព្រឹក្សព្រៃ
អូរកែវផែជ័យ              ប្រុសស្រីជុំជិត
គេហដ្ឋានឈើ             សំណង់ប្រណីត
ផែទូកតាំងទឹក             សន្ធឹកត្រសង។

អ្នកនគរភ្នំ                   ជុំញាតិជំនួញ
ទូកធំដូចទួញ              ជួញសូររសាត់
រាត្រីអូរកែវ                  ធម្មជាតិស្រងាត់
ខ្មែរចែងចិនចាត់           ទំនិញចេញចូល។

មានភាជន៍ត្បូងថ្ម          លំអភូមិឋាន
ជ្វាឥណ្ឌាបាន              ចាមចូលមកទិញ
ដោះដូរភោគទ្រព្យ        ស្រុកទេសមានវិញ
នគរភ្នំពេញ                 សែនស៊ីវិល័យ។

រ៉ូម៉ាំងអឺរ៉ុប                   អប់ក្លិនក្រអូប
ចូលមកស្រង់ស្រូប       គ្រឿងទេសល្អក្រៃ
ជួញនឹងប្រជា              មាសពេជ្រចរណៃ
សព្វម្ហូបចំណី              ល្បីពេញលោកា។                               

ប៉ុកចាយទូកលា           រាត្រីងងឹត
អូរកែវបាំងបិទ             ធ្លាប់កិតជិតកាយ
កំពង់ដោះដូរ               ចេញចូលមិនណាយ
អស់ជាតិទាំងឡាយ      ផ្សព្វផ្សាយសក្តា។                          

ស្រមោលដួងច័ន្ទ         ចាំងច្រាលផែនដី
រលករស្មី                    ភ្លឺផ្លេកសាសង
រាត្រីស្ងប់ស្ងាត់             សព្វសត្វយំឆ្លង
លាហើយណាបង        ភូមិផងអូរកែវ។

និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៧.០២.២០១៣)


ព្រះរាជធានីសំឡេងមាស



ផលបុណ្យនារី             សាងពីបុព្វេ
ធម្មជាតិផ្តល់កេរ           មត៌កជីវិត
សំឡេងស្រួយស្រែស   ពីរោះពេកពិត
អស់ផៅញាតិមិត្ត         ប៉ងកិតជិតក្បែរ។

នាងរស់សុទ្ធា              ថែមពាក្យសិរី
មង្គលថ្លាថ្លៃ                 ពីបាត់ដំបង
កិត្តិនាមខ្ទរខ្ទារ             សោភាភូមិផង
ឱ!ដំណាក់ហ្លួង            ជួងមាសអស់កម្ម។

ដំណើរមកដល់            ភ្នំពេញភារា
រស់សិរីសុទ្ធា               ប្រែជាសេរី
អ៊ឹមសុងសឺមផ្សំ            ហួយមាសស្រស់ស្រាយ
ប៉ែនរ៉នត្រួសត្រាយ       ធ្លាប់រៀនរួមគ្នា។

សំឡេងពីរោះ              ច្រៀងស្រួយបំផុត
ស៊ីនស៊ីសាមុត             សម្តេចឪល្បី
ប្រទានរម្យងារ             សោះសមស្រស់ស្រី
ព្រះរាជធានី                សំឡេងមាសខ្មែរ។                              

និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៧.០២.២០១៣)


រសសំឡេងរស់សេរីសុទ្ធា

អធិរាជសំឡេងមាស



អធិរាជស្ទឹងត្រែង          រាស្រ្តតែងសរសើរ
សក្តិសមដំណើរ           សុភាពរាបសារ
ធ្លាប់រស់រួមសុខ            ក្បែរពុករក្សា
ពន្ធនាគារ                   ក្រុងបាត់ដំបង។

រៀនអក្សរសាស្ត្រ          ច្បាស់ខ្មែរលេងភ្លេង
ច្រៀងកំដរលេង           ល្បែងប្រជល់មាន់
ជាន់ជាប់ចិត្តជាក់         សំឡេងក្រអួន
បេះដូងអង្រួន              ជនខ្មែរក្មេងចាស់ ។

ព្រះរាជរម្យងារ            ​រា​ស្រ្តខ្មែរសម្រេច
ប្រទានអធិរាជ             សំឡេងមាសថ្មី
លើកដាក់ស្រាលធ្ងន់     ស្រទន់បំភ្លៃ
ញាតិមិត្រប្រុសស្រី       គ្រប់កាយសណ្តំ។

រាស្ត្រខ្មែរពំនោល         ពោលសូរស្រគត់
ស៊ីនស៊ីសាមុត             គ្មានអ្នកផ្ទឹមបាន
ទោះប្រាណចាកទៅ     នៅសំឡេងចន្ទ្រ
បំពេរភូមិឋាន              សាន្តត្រាណរៀងអើយ។



រៀបរៀងដោយ៖ ប៉ុក បញ្ញាវុធ  (១៧.០២.២០១៣)


រសសំឡេងស៊ីនស៊ីសាមុត

សម្រស់កោះត្រល់



កោះត្រល់ដ៏ធំ              អោយខ្ញុំអាល័យ
រុក្ខជាតិខៀវខ្ចី              ក្រាលគ្របលើស្មា
ទឹកជ្រោះហូរធ្លាក់         ចាក់ធារជលសារ
កាត់ផ្ទាំងសិលា            កណ្តាលទ្រូងព្រៃ។
                               
ដងស្ទឹងធំតូច              ទឹកកួចទៅឆ្ងាយ
ហូរទៅអន្លាយ            ផ្ទៃទឹកថ្លាឈ្វេង
សារិកាកៀងគូរ            ប្រចឹកគ្នាលេង
មច្ឆាវ័យក្មេង               ហែរលេងជាក្រុម។

អស់លតាវល្លិ៍              រំយោលត្រសង
អមសងខាងដង           ចំណងរមណីយ៍
ទេសចរណ៍ប្រុសស្រី     ឆ្ងាយជិតមូលមីរ
តាមដងវារី                  គយគន់បព្វតា។

សូររៃយំឆ្លង                 អឺងកងដែនព្រៃ
បក្សាបក្សី                   ប្រញាយខ្ញៀវខ្ញារ
ម្លប់ឈើត្រជាក់            ផ្តល់ក្តីសុខា
ម្រឹគីម្រឹគា                   ជុំគ្នារស់នៅ។

ឆ្នេរខ្សាច់សក្បុស          លយលូនវែងឆ្ងាយ
រលករស្មី                    រលេញនឹងថ្ម
ពណ៌ខៀវផ្ទៃមេឃ        ប្លែកលេងកំដរ
តន្ត្រីស្មោះសរ              សូរសៀងធម្មជាតិ។

សមុទ្រធំធេង              អោយវង្វេងចិត្ត
ចងកោះផ្តេកផ្តិត          ត្រល់អើយសែនឆ្ងាយ
លាហើយកោះត្រល់     លាទាំងអាល័យ
លាស់ត្រួយខៀវខ្ចី        ក្នុងផ្ទៃជលសារ។                            

និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៦.០២.២០១៣)

រាំវង់កម្ពុជាក្រោម



ខែចេត្រឆ្នាំថ្មី                ប្រុសស្រីរាំវង់
ទំនៀមយូរលង់            គង់ជាប់កូនចៅ
ពាមបន្ទាយមាស         កោះត្រល់ទឹកខ្មៅ
ចូលរាំភ្លាមទៅ             កុំនៅដល់ណា។

ប្រុសក្រមួនស             ចូលដល់ស្រុកឃ្លាំង
កុំស្រឡាំងកាំង            សុំនាងចូលរាំ
មាត់ជ្រូកពលលាវ        ជួយច្រៀងសណ្តំ
ផ្សាដែកកុំយំ                រាំនឹងលង់ហោរ។

ភ្លេងព្រែកឫស្សី            បំភ្លៃកំដរ
គោះគងបន្ទរ               មេសរឈ្មោះថ្មី
ក្រុងព្រៃនគរ                លឺស្គរទះដៃ
នាងរោងដំរី                 ចាំអីចូលរាំ។

រាំវង់ឆ្នាំថ្មី                    ប្រុសស្រីហែហូរ
ទួលតាមោកមក៍           កំពង់ស្រកាត្រី
ល្បីអ្នករាំឯក                ព្រះសួគ៌ាស្រី
ភ្លេងប្រជាប្រិយ            រីករាយអូរកាប់។

ប្រុសពាមបារាជ្ញ           កំពង់ឫស្សី
ជាប់ចិត្តបេតី                នារីខ្មែរក្រោម
ម្លិះកោះត្រឡាច           រាំវង់លួងលោម
ឆ្នាំថ្មីរស់រម្យ                 ជួបជុំញាតិផៅ។                                          

និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៦.០២.២០១៣)

La Ang Spean in Battambang, The Oldest Prehistoric Site in Cambodia

  Pre-history in Cambodia is really important to tell about the past of Cambodia (Kamboja / Kambuja / Kanbawza). Cambodia locates in the mai...