Sunday, May 27, 2012

Pre-1975 Khmer Article: របរជារបស់សំខាន់ "Importance of Career"

សរសេរតាមសូត្រ
មានយុវជនជាច្រើនដែលមើលឃើញច្បាស់ ឬនឹកមិនឃើញថារបរជារបស់សំខាន់​ត្រឹមណា ព្រោះមាតាបិតា ឬអ្នកគ្រប់គ្រងជាអ្នករក ជាអ្នកធ្វើយកមកចិញ្ចឹមយើង ។ គ្រាន់​តែជាអ្នកស៊ីអ្នកប្រើប្រាស់ទើបថាជាការស្រួលសប្បាយ តែថាបើគិតឲ្យជ្រៅបន្តិចទៅ នឹង​យល់ច្បាស់ថា គ្រឿងស៊ីគ្រឿងប្រើប្រាស់អស់នោះលោកបានមកដោយខំធ្វើការអាជីវកម្ម​ទាំងអស់ ។ ប្រសិនបើឈប់ធ្វើការចិញ្ចឹមជីវិតកាលណាគ្រឿងស៊ីគ្រឿងប្រើក៏គ្មាន​ ទុកជា​មានរបស់សេសសល់នៅខ្លះក៏គង់រេចរិលអស់ទៅជាលំដាប់ ។ ហេតុនេះត្រូវតែយុវជន​យើងជួយមាតាបិតាឬអ្នកអភិបាលខ្លួនធ្វើការងារផ្សេងៗតាមកម្លាំងនិងកាលវេលា ព្រោះ​យើងធំឡើងត្រូវតែធ្វើការងារ ដើម្បីចិញ្ចឹមខ្លួន គ្រួសាររបស់ខ្លួន និងមាតាបិតាតបស្នងសង​គុណអ្នកមានគុណជាដើមតទៅទៀត ។ កិច្ចអស់នេះយើងជៀសវាងមិនរួចហើយសង្ឃឹម​ពឹងអ្នកដទៃតែម៉្យាងក៏មិនបានដែរ មាតាបិតាក៏កាន់តែចាស់ជរាទៅរាល់ថ្ងៃ យើងត្រូវតែធ្វើ​ការងារជំនួសលោក ដើម្បីដំកល់វង្សត្រកូលឲ្យចំរើនឡើង ទើបសមនឹងក្រសួងខ្លួនដែលជា​បុត្រល្អ ដែលលោកហៅថា អតិជាតបុត្ត។
​​(សេចក្តីសំរាំងលោក ច. ឈុំ)

សំនួរ
១.​ ចូរពន្យល់ពាក្យ៖ យុវជន, គ្រប់គ្រង,​ អាជីវកម្ម, អភិបាល, វង្សត្រកូល, អតិជាតបុត្ត ។
២. ចូររកសទិសស័ព្ទនឹងពាក្យ៖ ជន គុណ ។
៣. ចូររកវេវចនស័ព្ទនឹងពាក្យ៖ សំខាន់ ។
៤. មាតាបិតាអ្នកធ្វើរបរអ្វី ?​ អ្នកយល់ដូចម្តេច ?

ចំលើយ
១. ការពន្យល់ពាក្យ
យុវជន = ជនកំឡោះ ប្រុសជំទង់ ។
គ្រប់គ្រង​ = ការពារ ថែរក្សា គាំពារ ។
អាជីវកម្ម =​ ការរកស៊ីចិញ្ចឹមជីវិត ។
អភិបាល = បីបាច់រក្សា ។
វង្សត្រកូល = ផៅសន្តាន ពូជពង្ស ។
អតិជាតបុត្ត =​ កូនប្រសើរពេកកន្លង ។

២.​សទិសស័ព្ទ
ជន ជន់ ជន្ម
ជន = យុវជន បណ្តាជន ជនានុជន ... ។
ជន់ = ទឹកជន់ព្រៀបច្រាំង ... ។
ជន្ម = ជីពជន្ម ព្រះជន្ម ... ។

គុណ គុន គន់
គុណ = តបស្នងសងគុណ ឩបការគុណ ... ។
គុន =​ គុនដំបង គុនស្នៀត ... ។
គន់​ = គន់គូរ គន់មើល គយគន់ ... ។

៣. វេវចនស័ព្ទ
សំខាន់ ប្រសើរ ថ្លៃថ្លា ឩត្តម លើសលែង ចំណាន ។

៤. មាតាបិតាខ្ញុំរកទទួលទានធ្វើកសិកម្ម ។ ខ្ញុំចូលចិត្តរបរនេះណាស់ ព្រោះវាអាចស្ទួយ​សេដ្ឋកិច្ចនៃប្រទេសជាតិ ។

ពាក្យពិបាក
របរ អាជីវកម្ម​ សេសសល់ អភិបាល វង្សត្រកូល អតិជាតបុត្ត ។

សុភាសិត
“រពឹសដៃ ផ្ទៃឆ្អែត”

Prājñā (Wisdom), the “states of deep sleep”

Prājñā refers to the “states of deep sleep”. Actually, enough sleep could help people to keep their brain healthy; Generally, everyone needs...