Showing posts with label Kampuchea Krom. Show all posts
Showing posts with label Kampuchea Krom. Show all posts

Monday, February 25, 2013

រំចង់ព្រះត្រពាំង



ឱ!ព្រះត្រពាំង              ដួងចិត្តខ្ញុំអើយ
វាលស្រែល្វឹងល្វើយ      ធម្មជាតិខៀវខ្ចី
ជំនោរត្រជាក់              បក់មកប៉ីៗ
រែងនឹកអាល័យ            ដងស្ទឹងស្រុកថ្កូវ។

ឱ!ព្រះត្រពាំង              ភ្លឹកភ្លាំងស្មារតី
រំចង់រីកថ្មី                    ក្រអូបឈ្ងុយឈ្ងប់
រួសរាយរាក់ទាក់           រៀងរាល់ថ្ងៃយប់
ញាតិមិត្តប្រសព្វ           កោតសរសើរស្រី។

ឱះឱ!រំចង់                   បងសូមផ្សងស្នេហ៍
តើចិត្តមាសមេ             យល់ដែរឬអ្វី?
ចិត្តរៀមលួចប៉ង           បំណងលើស្រី
បន់អស់បារមី              វត្តជ្រៃគោកថែ។
                               
ឱ!ព្រះត្រពាំង              ជួយលោមបុប្ផា
ស្រះគូជួយចារ            ចិន្តាវរមិត្រ
ស្រលាញ់បងទៅ         បណ្តូលជីវិត
សូមកែវអាណិត           ដល់ចិត្តរៀមផង។

និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៥.០២.២០១៣)

Sunday, February 24, 2013

រាត្រីអូរកែវ




សាយ័ណ្ហទន់ទើរ         លើដងព្រឹក្សព្រៃ
អូរកែវផែជ័យ              ប្រុសស្រីជុំជិត
គេហដ្ឋានឈើ             សំណង់ប្រណីត
ផែទូកតាំងទឹក             សន្ធឹកត្រសង។

អ្នកនគរភ្នំ                   ជុំញាតិជំនួញ
ទូកធំដូចទួញ              ជួញសូររសាត់
រាត្រីអូរកែវ                  ធម្មជាតិស្រងាត់
ខ្មែរចែងចិនចាត់           ទំនិញចេញចូល។

មានភាជន៍ត្បូងថ្ម          លំអភូមិឋាន
ជ្វាឥណ្ឌាបាន              ចាមចូលមកទិញ
ដោះដូរភោគទ្រព្យ        ស្រុកទេសមានវិញ
នគរភ្នំពេញ                 សែនស៊ីវិល័យ។

រ៉ូម៉ាំងអឺរ៉ុប                   អប់ក្លិនក្រអូប
ចូលមកស្រង់ស្រូប       គ្រឿងទេសល្អក្រៃ
ជួញនឹងប្រជា              មាសពេជ្រចរណៃ
សព្វម្ហូបចំណី              ល្បីពេញលោកា។                               

ប៉ុកចាយទូកលា           រាត្រីងងឹត
អូរកែវបាំងបិទ             ធ្លាប់កិតជិតកាយ
កំពង់ដោះដូរ               ចេញចូលមិនណាយ
អស់ជាតិទាំងឡាយ      ផ្សព្វផ្សាយសក្តា។                          

ស្រមោលដួងច័ន្ទ         ចាំងច្រាលផែនដី
រលករស្មី                    ភ្លឺផ្លេកសាសង
រាត្រីស្ងប់ស្ងាត់             សព្វសត្វយំឆ្លង
លាហើយណាបង        ភូមិផងអូរកែវ។

និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៧.០២.២០១៣)


រាំវង់កម្ពុជាក្រោម



ខែចេត្រឆ្នាំថ្មី                ប្រុសស្រីរាំវង់
ទំនៀមយូរលង់            គង់ជាប់កូនចៅ
ពាមបន្ទាយមាស         កោះត្រល់ទឹកខ្មៅ
ចូលរាំភ្លាមទៅ             កុំនៅដល់ណា។

ប្រុសក្រមួនស             ចូលដល់ស្រុកឃ្លាំង
កុំស្រឡាំងកាំង            សុំនាងចូលរាំ
មាត់ជ្រូកពលលាវ        ជួយច្រៀងសណ្តំ
ផ្សាដែកកុំយំ                រាំនឹងលង់ហោរ។

ភ្លេងព្រែកឫស្សី            បំភ្លៃកំដរ
គោះគងបន្ទរ               មេសរឈ្មោះថ្មី
ក្រុងព្រៃនគរ                លឺស្គរទះដៃ
នាងរោងដំរី                 ចាំអីចូលរាំ។

រាំវង់ឆ្នាំថ្មី                    ប្រុសស្រីហែហូរ
ទួលតាមោកមក៍           កំពង់ស្រកាត្រី
ល្បីអ្នករាំឯក                ព្រះសួគ៌ាស្រី
ភ្លេងប្រជាប្រិយ            រីករាយអូរកាប់។

ប្រុសពាមបារាជ្ញ           កំពង់ឫស្សី
ជាប់ចិត្តបេតី                នារីខ្មែរក្រោម
ម្លិះកោះត្រឡាច           រាំវង់លួងលោម
ឆ្នាំថ្មីរស់រម្យ                 ជួបជុំញាតិផៅ។                                          

និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៦.០២.២០១៣)

Khmer People, The Main Citizen of Funan, Chenla and Kambujadesa Empire (Cambodia)

  Khmer Woman From Kampong Cham Province in the Past Royal of Angkor Khmer Kambujadesa Empire (Cambodia at the peak in history) Khmer people...