Showing posts with label Peom. Show all posts
Showing posts with label Peom. Show all posts

Thursday, February 28, 2013

ជ្រៃឃ្មុំជំរំចិត្ត


ដើមត្នោតដុះទេរ           រៀបស្រែល្វឹងល្វើយ
ដើមឈើរហើយ            រាយស្លឹកត្រសង
ឫស្សីរេរង់                      ហាក់ជួយឆ្លើយឆ្លង
ជ្រៃឃ្មុំឃុំគ្រង                ទងភួងបុប្ផា។

ផ្កាអ្វីស្រស់ណាស់         មិនដែលជួបទេ
ល្អស្អាតជាងគេ             លើសអ្នកភូមិផង
ចេះតុបចេះតែង            ក្រៅក្នុងម៉ត់ហ្មង
ផ្ទះឈើនួនល្អង             សែនសមប្លង់ខ្មែរ។

ឱ!រសចំប៉ា                     ចិន្តាជ្រៃឃ្មុំ
ឬកពាររម្យទម               ប្រណម្យថ្នមថ្នាក់
ការងារស្រាលធ្ងន់         អត់ធន់ទុកដាក់
សប្បាយឥតអាក់          មិនដែលធ្លាក់ដៃ។

ផ្ទៃបឹងត្រជាក់                ឆ្លាក់ស្នេហ៍និស្ស័យ
ប្រលោមស្រស់ស្រី       ជ្រៃឃ្មុំដួងចិត្ត                                 
ផលបុណ្យបុព្វេ             លួងលោមនិម្មិត
បងលួចស្នេហ៍ពិត         សំរិទ្ធព្រៃវែង។

និពន្ធដោយ៖ ប៉ុក បញ្ញាវុធ  (២៧.០២.២០១៣)

Monday, February 4, 2013

ពារាំងចំណងចិត្ត


ពារាំងឃុំទ្រា               នាមជាដីស្រស់
ធ្លាប់លឺដឹងឈ្មោះ         ដំណាលម្តាយខ្ញុំ
ជំនាន់ប៉ុលពត             ផ្តោតតែទុក្ខធំ
រស់ប្រមូលផ្តុំ               ជុំស្រែចំការ។

១៧មេសា                  គ្រួពីភ្នំពេញ
ក្នុងចិត្តទោម្នេញ           វិលវិញម្តេចបាន
មកដល់ព្រៃវែង            ស្រុកធ្លាប់ថ្កើងថ្កាន
ឥឡូវប្រៀបបាន           នរកអវិចី។

នឹកគ្រាដំណើរ             ចេញពីភ្នំពេញ
បនក្បត់បណ្តេញ          ដោយគ្មានមេត្តា
ថែមទាំងចាប់ខ្លួន          ល្បីអ្នករដ្ឋការ
គ្រប់ក្រុមគ្រួសារ           បោះបង់សំគាល់។

គ្រាន់តែមកដល់           កង្វល់គ្រប់ប្រាណ
គ្រួសារសុខសាន្ត         ត្រូវបានបែងចែក
ចាស់ៗទុកម្តុំ               ក្មេងៗមួយផ្នែក
ជំទង់មួយប៉ែក             ចូលកងចល័ត។

ជីវិតកម្សត់                  ខ្សត់ម្ហូបអាហារ
ជាគ្រាវេទនា               ពាធាជាងគេ
ធ្វើការធ្ងន់ៗ                 បនក្បត់ដៀលជេរ
លើកដីភ្ជួរស្រែ             ទាល់តែយប់ជ្រៅ។

បានគុណអ្នកភូមិ          រម្យទមរក្សា
ថែដូចគ្រួសារ              ប្រាថ្នាការពារ
មានម្ហូបចំណី              លួចទុកចែកគ្នា
បានឆ្អែតមួយគ្រា         នាបនប្រល័យ។

តែកម្មមិនផុត               សម្លុតព្រាត់ប្រាស
មារគ្រូភ្នំ(ពេញ)ចាស់     ផ្លាស់អោយទៅរៀន
ឆ្នាំចិតប្រាំពីរ               មរណៈបៀតបៀន
សំណាងមែនទែន        ស្លាប់ដោយជំងឺ។

ឆ្នាំចិតប្រាំបី                 កម្មអ្វីពង្រាត់
ជីដូនមួយគាត់             កម្សត់ទៅឆ្ងាយ
ប្រល័យពូជសាសន៍      ដោយបនក្បត់ដៃ
កន្សែងសល្បី              លាដីកម្ពុជា។

រីញាតិជិតខាង             ប្រិមប្រិយភ្នំពេញ
ញញឹមចេញធ្មេញ        វេញជាធ្លុងមួយ
ពេលបនប្រល័យ         តៃក្វាន់(ដូ)មិនធ្លោយ
ប៉ុលពតអ្នកអើយ          ស៊ូលុះតែក្ស័យ។

ពួកអត់សាសនា           បនមិនអស់ចៃ
បន្តប្រល័យ                 ញាតិថ្លៃបវរ
ប្រពន្ធពុកមារ              ក្មេងបួនស្អាតល្អ
វត្តកញ្ចំថ្ងូរ                   ម្តេចអាក្រក់ម៉្លេះ!។

ដល់វេនម្តាយខ្ញុំ            នាមយុវតី
បនប៉ងអោយក្ស័យ       បីដងមិនស្លាប់
ដំបូងបង្អស់                 នៅកងចល័ត
ប៉ុលពតដាច់ណាត់       ចាត់ការអោយអស់។

ដឹងខ្លួនរត់លូន             បីនាក់នារី
ហែលស្រែវារី              ទោះជ្រៅម្តេចម្តា
ប្រាថ្នារួចខ្លួន               ពួនក្នុងគេហ(ដ្ឋាន)
អ្នកភូមិរាំងពា              ធានាលាក់បាំង។

វៀតណាមបុករុក          បនជន្លៀសចេញ
មិនអោយវិលវិញ         ទាំងអ្នកភូមិផង
ទាំងចាស់ទាំងក្មេង       មិនអោយរំលង
ដំណើរតម្រង់              ត្រង់កំពង់ចាម។

រស់ប៉ុន្មាននាក់             ធ្លាក់កំពង់ចាម
គាប់ជួនវៀតណាម       ទម្លាក់គ្រាប់បែក
ចែកផ្លូវគ្នារត់                មកកាន់ភូមិបែក
មិនទាន់ដល់ផ្នែក          ភូមិមានឃាតករ។

សម្រេចដំណើរ            ដើរកំពង់ធំ
បនអោយនៅផ្តុំ            រម្យក្នុងផ្ទះល្អ
តែជាកលល្បិច            បនក្បត់ចិត្តថ្ម
ពេលយប់នោះហ្ន៎         ប្រល័យអស់ទៀត។

ផលបុណ្យអ្វីមាន         កម្មាភិបាល
ចិត្តល្អប្រសើរ              ម្នាក់ប្រាប់អោយដឹង
ថាអោយចូលពួន         ក្នុងរោងមាន់ហ្នឹង
យប់យន់ស្ងាត់ឈឹង      បននឹងប្រល័យ។

បានរួចខ្លួនហើយ         មិត្តអើយវិលវៃ
ពឹងញាតិប្រុសស្រី        ភូមិទ្រាកញ្ចំ
រណ្តំក្នុងចិត្ត                 គិតម្តេចសមរម្យ
ជីវភាពឧត្តម                អនាគតថ្មី។

ជីវិតកំព្រា                   គ្រាំគ្រាអាឡោះ
ញាតិមិត្តស្រីប្រុស        ស្លាប់អស់ទៅហើយ
លាភូមិកញ្ចំ                 ទុក្ខឥតដែលស្បើយ
លាហើយ! លាហើយ!   ទៅបាត់ដំបង។           

ប្រវត្តិឈឺចាប់              ប្រាប់ក៏មិនអស់
រៀបរាប់ដោយស្មោះ     ត្រួសៗពីម្តាយ
ជូរចត់ទឹកភ្នែក             ជាងបីឆ្នាំប្លាយ
ពារាំងសែនឆ្ងាយ         ព្រៃវែងចងចិត្ត។

រៀបរៀងដោយ៖ ប៉ុក បញ្ញាវុធ  (២៧.០១.២០១៣)
E-mail: pokpanhavuth@gmail.com

Sunday, December 16, 2012

ធម្មជាតិស្ទឹងសង្កែ


សូវិយារៀងរះ                          ស្រឡះនភា
រស្មីគង្គា                                   ភ្លឺផ្លេកគួរស្នេហ៍
នៅបាត់ដំបង                           ដងស្ទឹងសង្កែ
គគីរដង្ហែ                                  ដើមម្លប់ត្រឈៃ។

ឱ!ម្លប់ដើមដូង                          យោងយោលផាត់ផាយ
តាមខ្យល់អន្លាយ                     ឥតខ្វល់ខ្វាយអ្វី
សត្វចាបចេបៗ                        ខ្ញៀវខ្ញារផុតដី
សារិកាសប្បាយ                       ហើរគូត្រសង។

មើលទឹករលក                          បោកបែកផ្កាត្រែង
ទូកនេសាទប្រែង                     ប្រឹងរាយសំណាញ់
ដោយភាពអំណត់                    ម៉ត់ចត់ពេញខ្នាញ់
ចាំដល់សំណាញ់                     ពោរពេញដោយត្រី។

ស្ពានថ្មសក្បុស                        ជំនួសស្ពានដែក
សែនស្រួលអនេក                    ឆ្លងដំណើរទៅ
មកមិនដែលឈប់                    ព្រលប់យប់ជ្រៅ
ប្រជាឥឡូវ                               រស់នៅសប្បាយ។

ផ្ការីកស្គុសស្គាយ                     ចំប៉ីក្តាំងងា
ម្លិះរួតម្លិះលា                             ចងជានិស្ស័យ
ស្លឹកត្នោតរេរាំ                           ក្រោមម្លប់ត្រឈៃ
វាលស្មៅខៀវខ្ចី                        ប្រិមប្រិយឧទ្យាន។

មើលផ្ទះបុរាណ                        មានឈើមានថ្ម
ទឹកដៃដ៏ល្អ                               តកេរដំណែល
ព្រលឹងប្រលោម                       វត្តធំក្បាច់ខ្មែរ
សារមន្ទីរថែ                              អស់កេរចំណាស់។

អគារខ្ពស់ៗ                              ដុះអមសងខាង
សំអិតសំអាង                           សាងកេរ្តិ៍ឈ្មោះល្បី
រចនាបថថ្ម                               លំអសម័យ
ពាណិជ្ជទាំងឡាយ                  ស្រស់ស្រាយអ៊ូអរ។

ស្ទឹងខៀវធ្លាប់ដឹង                     នាមស្ទឹងសង្កែ
ចាស់ក្មេងហូរហែ                     នាំគ្នាហាត់ប្រាណ
ក្រោមពន្លឺខែ                            សមសុ្រកសាន្តត្រាណ
សូរិយារៀបប្រាណ                  ចូលខ្លួននិន្ទ្រា។           

និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (២៩.១១.២០១២)

មិត្តខ្ញុំនៅសាកលវិទ្យាល័យ


ពីរពាន់ប្រាំពីរ                           ឆាកជីវិតថ្មី
សាកលវិទ្យាល័យ                    ពីរដំណាលគ្នា
ដំបូងសែនភ័យ                        មិនដឹងយ៉ាងណា?
ក្នុងកិច្ចសិក្សា                           ពីរជំនាញផង។

ទោះជាយ៉ាងណា                     ត្រូវតែអំណត់
ប្រុសស្រីម៉ត់ចត់                       ជាមិត្តអនង្គ
រៀនចម្រុះគ្នា                            ពីគ្រប់ខេត្តក្រុង
ចងជាកម្រង                             អនុស្សាវរីយ៍។

រៀនរស់រឹងប៉ឹង                         លំនឹងជីវិត
រៀនរស់រៀនគិត                      គំនិតថ្ងៃក្រោយ
រៀនទាន់នៅក្មេង                     កុំអោយថ្លោះធ្លោយ
កុំអោយរុះរោយ                       តាមពេលវេលា។

ជួយគ្នាក្នុងក្រុម                        ជំនុំសិក្សា
ដោះស្រាយបញ្ហា                    នៅចំពោះមុខ
កុំទុកចាំស្អែក                           រួមសុខរួមទុក្ខ
មិនចាំសំកុក                             អោយទឹកលិចឡើយ។

រៀនសើចរៀនយំ                     មុខជូរមុខស្រស់
ចែកដោយស្ម័គ្រស្មោះ             ចំពោះវិជ្ជា
ជួនចូលសិក្ខា                           សាលារួមគ្នា
ក្រេបយកវិជ្ជា                           ចាស់ៗផ្តល់អោយ។

សប្បាយអ្វីម៉្លេះ                         ញាំបាយជុំគ្នា
កញ្ចប់ភោជនា                          ស្រស់ស្រូបថ្ងៃត្រង់
ជួនចែកគ្នាញាំ                          ដោយចិត្តស្មោះត្រង់
សើចលេងអឺងកង                    ថតរូបរួមគ្នា។

គ្រានេះលាហើយ                    មិត្តអើយយើងបែក
មិនដឹងថ្ងៃស្អែក                        បែកឬជួបគ្នា
រកស៊ីមានបាន                          សុខទុក្ខការងារ
ក្នុងផ្លូវខុសគ្នា                           នាគ្រប់វិស័យ។

អរគុណណាមិត្ត                       ពិតជាសប្បាយ
ជាងបួនឆ្នាំប្លាយ                       ថ្លាថ្លៃបញ្ញា
សូមមិត្តបានសុខ                      ផុតទុក្ខសង្កា
គ្រប់ពេលវេលា                        ចម្រើនរុងរឿង។

និពន្ធដោយ៖ ប៉ុក បញ្ញាវុធ  (២៨.១១.២០១២)

ម្លិះលាបាត់ដំបង


ឱះឱ!វាសនា                            ម្លិះលាកម្សត់
ផលកម្មកំណត់                        ផ្កាអភ័ព្វក្រៃ
ជាតិនេះត្រូវរស់                       តែឯកាកាយ
ក្នុងភពនិស្ស័យ                        ដីបាត់ដំបង។

កើតមកជាផ្កា                           បិទបាំងរូបកាយ
នាដែនលោកិយ                       ប្រុសស្រីដៀលជេរ
រសជាតិជាផ្កា                           រឹងប៉ឹងផងដែរ
ការនៅទំនេរ                            ជាកេរជីវិត។   

ឱ!ភ័ព្វវាសនា​                            ចិន្តាស្រទន់
យប់យន់ស្ងាត់សូន្យ                 លូនយំម្នាក់ឯង
តើធ្វើម្តេចទៅ                           ទើបផុតចំបែង?
កណ្តោចកណ្តែង​                     ជីវិតលោកិយ។

ការងារមោះមុត                       ផ្តោតក្នុងវិជ្ជា
ពន្លឺមាគ៌ា                                  ដូចផ្ទៃសាគរ
រលករស្មី                                  ចាំងពីសែងសូរ្យ
ទឹកបោកនឹងថ្ម                          បន្ទរជាភ្លេង។

ការប្តេជ្ញាចិត្ត                            ពិតក្នុងផ្លូវមួយ
សម្រាប់លើកស្ទួយ                  ជួយចិត្តភក្តី
រស់មានប្រយោជន៍                  ជួយឪពុកម្តាយ
អោយសុខសប្បាយ                 ក្នុងក្រុមគ្រួសារ។

ស្មារតីប្រណីត                         គឺគិតរឿងជាតិ
ខិតខំខ្មីឃ្មាត                             ឆ្លៀតបម្រុងផ្តល់
ជួយតាមលទ្ធភាព                    ជាទ្រព្យមង្គល
កម្លាំងកាយពល                       បូជាជូនជាតិ។

និពន្ធដោយ៖ ប៉ុក បញ្ញាវុធ ​​(​​២៨.១១.២០១២)

អនុស្សាវរីយ៍ខ្នងភ្នំធិបតី


រសៀលជ្រាលជ្រេ                   ទន់ទេរទៅហើយ
ខ្យល់បក់រំភើយ​                        ល្វឹងល្វើយត្រជាក់
បក់ចុះបក់ឡើង                        ជាប់ឥតមានអាក់
ដោយក្តីស្មោះស្ម័គ្រ                  រីករាយពេកក្រៃ។

អនុស្សាវរីយ៍ភ្នំ                          ផ្តុំជានិស្ស័យ
មិត្តភក្តិក្មេងខ្ចី                           ដើរលេងលំហែ
ជុំគ្នាឡើងភ្នំ                              ជនបទស្រុកស្រែ
គាស់ក្រឡដែល                       ឆ្ងាយឥតធ្លាប់យល់។

មួយកាំៗ                                  គួរចាំក្នុងចិត្ត
សប្បាយពេកពិត                      ខ្នងភ្នំធិបតី
សម្រស់ជុំវិញ                           ធម្មជាតិខៀវខ្ចី 
ក្រវាញនោះអី                          ជួរភ្នំអន្លាយ ។

មើលចុះច្រាំងចោត                  ផ្តោតទៅមេឃឆ្ងាយ
ពពកផាត់ផាយ                        ចំហាយសក្បុស
អីទេខាងណេះ                         មានបឹងតូចនោះ
អ្នកស្រុកភូមិគាស់                    ហៅបឹងថៃលុយ។       
                                               
សូរិយាឯនាយ                         រៀបអស្តង្គត
ធម្មជាតិស្រគត់                        ស្រគំយំស្តាយ
រស្មីបង់បាត់                              ស្ងាត់ខ្យល់រំភើយ
លើកដៃលាហើយ                    ពណ៌មាសឆ្អិនឆ្អៅ។

លាហើយ!លាហើយ!               ខ្នងភ្នំធិបតី
អាឡោះអាល័យ                      ស្រមៃនឹកណាស់
ជួបគ្នាគ្រាក្រោយ                     បើមានឱកាស 
ផ្ទៃមេឃស្រឡះ                       គង់បានជួបវិញ។

និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (២៨.១១.២០១២)

វាលស្រែចុងខែវិច្ឆិកា


រដូវអុំទូក                                  ចុងខែវិច្ឆិកា     
រីករាយចិន្តា                              ទៅលេងពុកម៉ែ
ដំណើរទៅស្រុក                      ទស្សនាស្រូវស្រែ
ស្រស់ស្រាយម៉្លេះទេ                ទៅបាត់ដំបង។

ដំណើររថយន្ត                         លយលូនលឿនក្រៃ
តាមមហាវិថី                            ជាតិខ្មែរលេខប្រាំ
រំពៃយូរៗ                                  ឃើញវាលជោគជាំ
ដើមស្រូវរេរាំ                            ស្រូវទុំខ្លះខ្ចី។

ពីកំពង់ឆ្នាំង                              បាំងភ្នំកង្រី
ដើមស្រូវខៀវខ្ចី                        លាយផ្ទៃជលធារ
នៅឯពោធិ៍សាត់                       ដូចណាត់ជួបគ្នា
ចំពេលវេលា                            ស្រូវទុំត្រូវច្រូត។

ឆ្ងាយអើយសែនឆ្ងាយ              ឆ្ងាយពីភ្នំពេញ
ពៅវិលមកវិញ                         ជួបបាត់ដំបង
ទីភូមិកំណើត                           ចិត្តតែងចាំចង
ឱ!បាត់ដំបង                             ស្រែស្រូវយ៉ាងណា?

ពីក្រុងពោធិ៍សាត់                     ស្កាត់មោងឫស្សី
ជាប់ចិត្តបេតី                             វាលស្រែល្វឹងល្វើយ    
ស្រណោះរឿងដើម                  ហួយមាសដង្ហោយ
ព្រាត់ក្ស័យទៅអើយ                 នៅមោងឫស្សី។

គួរអោយប្លែកណាស់                អាកាសរំភើយ
អោយចិត្តល្ហែល្ហើយ                 ផុតក្តីទុក្ខា
រីករាយពេកពន់                        គយគន់ទស្សនា
វាលស្រែចម្ការ                         លូតលាស់ខៀវខ្ចី។

មើលហ្ន៎!ផ្កាស្រស់                    ចំរុះពណ៌គ្នា
ភុំភួងមាលា                              ព្រលឹតរំចង់
ផ្កាឈូកផ្កាស្នោ                        រីកស្រស់ផូរផង់
កំប្លោកកំប្លង់                             គួរលង់ពណ៌ស្វាយ។

អស់គោក្របី                            បញ្ចេញកម្លាំង
ទោះថ្ងៃក្តៅខ្លាំង                       ប្រឹងជញ្ជូនស្រូវ
រួចចប់កិច្ចការ                           ម្ចាស់អោយស៊ីស្មៅ
បញ្ចប់រដូវ                                 ច្រូតកាត់ស្រូវខ្មែរ។

ដោយក្តីសង្ឃឹម                        ញញឹមជឿជាក់
បាត់ដំបងឆ្លាក់                          ជាសាវតារថ្មី
ការអភិវឌ្ឍន៍                            ប្រាកដសព្វថ្ងៃ
ខ្មែរមានជោគជ័យ                    ដោយដៃសាមគ្គា។

ស្រូវអើយស្រូវភូមិ                    លឿងទុំច្រើនទៅ
ដើម្បីជាផ្លូវ                               ផ្តល់ក្តីរមនា
ដល់កសិករ                              ជាតិខ្មែរគ្រប់គ្នា
រស់នៅសុខា                            រុងរឿងតទៅ។
                                               
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (២៨.១១.២០១២)

Khmer People, The Main Citizen of Funan, Chenla and Kambujadesa Empire (Cambodia)

  Khmer Woman From Kampong Cham Province in the Past Royal of Angkor Khmer Kambujadesa Empire (Cambodia at the peak in history) Khmer people...