Sunday, February 24, 2013

ព្រះរាជធានីសំឡេងមាស



ផលបុណ្យនារី             សាងពីបុព្វេ
ធម្មជាតិផ្តល់កេរ           មត៌កជីវិត
សំឡេងស្រួយស្រែស   ពីរោះពេកពិត
អស់ផៅញាតិមិត្ត         ប៉ងកិតជិតក្បែរ។

នាងរស់សុទ្ធា              ថែមពាក្យសិរី
មង្គលថ្លាថ្លៃ                 ពីបាត់ដំបង
កិត្តិនាមខ្ទរខ្ទារ             សោភាភូមិផង
ឱ!ដំណាក់ហ្លួង            ជួងមាសអស់កម្ម។

ដំណើរមកដល់            ភ្នំពេញភារា
រស់សិរីសុទ្ធា               ប្រែជាសេរី
អ៊ឹមសុងសឺមផ្សំ            ហួយមាសស្រស់ស្រាយ
ប៉ែនរ៉នត្រួសត្រាយ       ធ្លាប់រៀនរួមគ្នា។

សំឡេងពីរោះ              ច្រៀងស្រួយបំផុត
ស៊ីនស៊ីសាមុត             សម្តេចឪល្បី
ប្រទានរម្យងារ             សោះសមស្រស់ស្រី
ព្រះរាជធានី                សំឡេងមាសខ្មែរ។                              

និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៧.០២.២០១៣)


រសសំឡេងរស់សេរីសុទ្ធា

អធិរាជសំឡេងមាស



អធិរាជស្ទឹងត្រែង          រាស្រ្តតែងសរសើរ
សក្តិសមដំណើរ           សុភាពរាបសារ
ធ្លាប់រស់រួមសុខ            ក្បែរពុករក្សា
ពន្ធនាគារ                   ក្រុងបាត់ដំបង។

រៀនអក្សរសាស្ត្រ          ច្បាស់ខ្មែរលេងភ្លេង
ច្រៀងកំដរលេង           ល្បែងប្រជល់មាន់
ជាន់ជាប់ចិត្តជាក់         សំឡេងក្រអួន
បេះដូងអង្រួន              ជនខ្មែរក្មេងចាស់ ។

ព្រះរាជរម្យងារ            ​រា​ស្រ្តខ្មែរសម្រេច
ប្រទានអធិរាជ             សំឡេងមាសថ្មី
លើកដាក់ស្រាលធ្ងន់     ស្រទន់បំភ្លៃ
ញាតិមិត្រប្រុសស្រី       គ្រប់កាយសណ្តំ។

រាស្ត្រខ្មែរពំនោល         ពោលសូរស្រគត់
ស៊ីនស៊ីសាមុត             គ្មានអ្នកផ្ទឹមបាន
ទោះប្រាណចាកទៅ     នៅសំឡេងចន្ទ្រ
បំពេរភូមិឋាន              សាន្តត្រាណរៀងអើយ។



រៀបរៀងដោយ៖ ប៉ុក បញ្ញាវុធ  (១៧.០២.២០១៣)


រសសំឡេងស៊ីនស៊ីសាមុត

សម្រស់កោះត្រល់



កោះត្រល់ដ៏ធំ              អោយខ្ញុំអាល័យ
រុក្ខជាតិខៀវខ្ចី              ក្រាលគ្របលើស្មា
ទឹកជ្រោះហូរធ្លាក់         ចាក់ធារជលសារ
កាត់ផ្ទាំងសិលា            កណ្តាលទ្រូងព្រៃ។
                               
ដងស្ទឹងធំតូច              ទឹកកួចទៅឆ្ងាយ
ហូរទៅអន្លាយ            ផ្ទៃទឹកថ្លាឈ្វេង
សារិកាកៀងគូរ            ប្រចឹកគ្នាលេង
មច្ឆាវ័យក្មេង               ហែរលេងជាក្រុម។

អស់លតាវល្លិ៍              រំយោលត្រសង
អមសងខាងដង           ចំណងរមណីយ៍
ទេសចរណ៍ប្រុសស្រី     ឆ្ងាយជិតមូលមីរ
តាមដងវារី                  គយគន់បព្វតា។

សូររៃយំឆ្លង                 អឺងកងដែនព្រៃ
បក្សាបក្សី                   ប្រញាយខ្ញៀវខ្ញារ
ម្លប់ឈើត្រជាក់            ផ្តល់ក្តីសុខា
ម្រឹគីម្រឹគា                   ជុំគ្នារស់នៅ។

ឆ្នេរខ្សាច់សក្បុស          លយលូនវែងឆ្ងាយ
រលករស្មី                    រលេញនឹងថ្ម
ពណ៌ខៀវផ្ទៃមេឃ        ប្លែកលេងកំដរ
តន្ត្រីស្មោះសរ              សូរសៀងធម្មជាតិ។

សមុទ្រធំធេង              អោយវង្វេងចិត្ត
ចងកោះផ្តេកផ្តិត          ត្រល់អើយសែនឆ្ងាយ
លាហើយកោះត្រល់     លាទាំងអាល័យ
លាស់ត្រួយខៀវខ្ចី        ក្នុងផ្ទៃជលសារ។                            

និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៦.០២.២០១៣)

រាំវង់កម្ពុជាក្រោម



ខែចេត្រឆ្នាំថ្មី                ប្រុសស្រីរាំវង់
ទំនៀមយូរលង់            គង់ជាប់កូនចៅ
ពាមបន្ទាយមាស         កោះត្រល់ទឹកខ្មៅ
ចូលរាំភ្លាមទៅ             កុំនៅដល់ណា។

ប្រុសក្រមួនស             ចូលដល់ស្រុកឃ្លាំង
កុំស្រឡាំងកាំង            សុំនាងចូលរាំ
មាត់ជ្រូកពលលាវ        ជួយច្រៀងសណ្តំ
ផ្សាដែកកុំយំ                រាំនឹងលង់ហោរ។

ភ្លេងព្រែកឫស្សី            បំភ្លៃកំដរ
គោះគងបន្ទរ               មេសរឈ្មោះថ្មី
ក្រុងព្រៃនគរ                លឺស្គរទះដៃ
នាងរោងដំរី                 ចាំអីចូលរាំ។

រាំវង់ឆ្នាំថ្មី                    ប្រុសស្រីហែហូរ
ទួលតាមោកមក៍           កំពង់ស្រកាត្រី
ល្បីអ្នករាំឯក                ព្រះសួគ៌ាស្រី
ភ្លេងប្រជាប្រិយ            រីករាយអូរកាប់។

ប្រុសពាមបារាជ្ញ           កំពង់ឫស្សី
ជាប់ចិត្តបេតី                នារីខ្មែរក្រោម
ម្លិះកោះត្រឡាច           រាំវង់លួងលោម
ឆ្នាំថ្មីរស់រម្យ                 ជួបជុំញាតិផៅ។                                          

និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៦.០២.២០១៣)

កំលោះព្រៃនគរ


កំលោះព្រៃនគរ            មិនភរខូចណាស់
ទីក្រុងភ្លឺច្បាស់             អគារធំធេង
វត្តច័ន្ទរង្សី                   ពន្លឺចាំងចែង
មានចាស់មានក្មេង       រាំលេងឆ្នាំថ្មី។

ឃើញស្រីលក់ផ្កា         ប្រាថ្នាសុំស្នេហ៍
មិនចេះខ្មាសគេ           ផ្តោះផ្តងសំដី
នារីក្រមុំ                     មិនហ៊ានតអី
សុខចិត្តវាហី               មិនស្តីសាសង ។

ខិលអីខិលម្ល៉េះ             មិនចេះខ្មាសសោះ
មកចោមស្រីស្រស់       អាងខ្ពស់សង្ហា
ខ្ញុំមិនបេតី                   តិចស្រីស្តីថា
ដឹងដល់លោកតា         តិចលោវោធំ។

ខ្ញុំមានម៉ែឪ                  ចែចូវអោយដល់
ញាតិមិត្រនិមល           ទើបយល់ព្រមស្នេហ៍
នារីក្រមុំ                     ជនបទស្រុកស្រែ
ប្រពៃណីខ្មែរ                មិនដែលរំលង។
                               
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៦.០២.២០១៣)

នាងអប្សរាខ្មែរ




សម្បត្តិធម្មជាតិ            ល្អស្អាតគ្មានផ្ទឹម
រីកស្រស់ញញឹម          សួគ៌វត្តអង្គរ
តាមប្រាង្គប្រាសាទ       មហាបវរ
ក្បូរក្បាច់ឆ្លាក់ថ្ម            ផ្កាវល្លិ៍រេរាំ។

ឈរទ្រង់សង្ហា             កាន់ស្មាជាក្រុម
នារីរម្យទម                  សមរម្យរួសរាន់
តែងកាយបរិសុទ្ធ         មួយពីរបីបួន
ទឹកដៃស្រទន់              ជាន់ខ្មែរបុរាណ។

នាងទេពអប្សរា            ខេមរាចិត្តធ្ងន់
អំណត់អត់ធន់             ទន់តាមអាកាស
ពាក់មកុដល្អ               មូលមុំស្រួចណាស់
ពន្លឺត្រចះ                    ឱភាសផែនដី។

ទឹកមុខសែនស្រស់       មិនងាយស្រពោន
សំដីបងអូន                 ពីរោះស្រស់ស្រាយ
អប្សរាចេញធ្មេញ          ល្បីល្បាញសុសសាយ
រុក្ខជាតិទាំងឡាយ        គ្រប់កាយសរសើរ។

កម្រងផ្កាភ្ញី                  ពាក់លើកេសា
កែវកងសង្ហា               ពាសពេញរូបកាយ
ខ្សែកត្បូងពេជ្រ            រំយោលផាត់ផាយ
កងជើងកងដៃ             សមអ្វីសមម្ល៉េះ។

ផាមួងសូត្រខ្មែរ            ល្បីកេរចំណាស់
ហូលពណ៌ភ្លឺច្បាស់       មិនផ្លាស់ប្តូរប្រែ
តកូនតចៅ                  រាប់រយឆ្នាំខែ
អប្សរាស្រីខ្មែរ              មិនដែលចោលបាន។

មិត្តអើយអើយមិត្ត        យើងឈរជិតគ្នា
ឆ្លងដងវេលា                រាប់ពាន់ឆ្នាំបាន
សម្ផស្សញញឹម            សាមគ្គីសុខសាន្ត
កូនចៅគ្រប់ប្រាណ       ចាំបានជួយថែ។

និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៦.០២.២០១៣)

Saturday, February 9, 2013

អ្នកចម្រៀងខ្មែរយុគមាស





អ្នកចម្រៀងខ្មែរ            ត្រឹមឆ្នាំ៧៥
សូរសៀងរណ្តំ             ប្រគំសប្បាយ
រស់សេរីសុទ្ធា              ស្រួយស្រែសស្រស់ស្រាយ
នារីទាំងឡាយ             គ្រប់កាយសរសើរ។

ហួយមាសស្រួយតូច    រនាតណែងណង
ពីបាត់ដំបង                 នាមមាសមេត្រី
ប៉ែនរ៉នកំប្លុក                ចម្រៀងញ័រកាយ
សូរស័ព្ទស្រួយក្រៃ        រីករាយកន្លង។

នាងហៃសុខុម             ម៉ៅសារ៉េតស្រី
សុតសុខាក្តី                សំដីពីរោះ
ឈឹមឈុនប៉ែនរ៉ម        ប៉ែនច​​ន្ថានោះ​
ឈ្មោះល្បីសាយសុស   តាមតូរ្យតន្តី្រ។

សូសាវឿនសំ-             ឡេងរៃកណ្តឹង
ស្រួយខ្លាំងលំនឹង         មាតាសារ៉ាវ៉ាន់
យំព្រំយិតថូ                 ថ្ងូរខៀមសោភ័ណ
ទួញកែវសាវឿន           ស៊ឹមទូចខ្លោចចិត្ត។

សៀងវ៉ាន់ធីលួង           លោមអូនផងណា                           
ក្លិនជាប់នាសា             កែវសុខាស្រាយ
រាត្រីភ្នំពេញ                 កែវសេដ្ឋាសាយ
ឈួនម៉ាឡៃស្តាយ        កាលពីវ័យក្មេង។

ទេសចរណ៍សៀងឌី      (អនុ)ស្សាវរីយ៍ព្រែកឆ្លូង
ភ្នំបូកគោខ្នង                ឈុនវណ្ណាដៅ
ថាជាតិខ្មែរមាន            តែសម្តេចឪ
វណ្ណារីពៅ                   បំភ្លេចមិនបាន។
                               
ផ្កាត្របែកព្រៃ              នាងឌីសាខន
តារាចោមច័ន្ទ              ប្រុសយំដែរហ្ន៎
កុំតែចោលអូន             ជួបសារឿនត
ឌីសាវ៉េតល្អ                 ស្នេហ៍ឆ្លងវេហា។

រាត្រីសួនស្នេហ៍            ក្បែរមាត់ទន្លេ                                 
ដឺម៉ុងដារ៉េ                   ដួងចិត្តសោកា
ប្រាថ្នារូបប្រុស             នាងឡុងស៊ីដា
នាងកែវមន្ថា               ​​​ ខ្យល់កំពូលភ្នំ។
                                                                                  
ថ្លែងនូវណារិន             កំលោះផ្ទះរួម
កែវកាន់ម៉ាយំ              នាមនាងនិមល
តំណក់ទឹកភ្នែក            រែងសោកកង្វល់
រួតរឹតអំពល់                 ដួងចិត្តភរិយា។

រីនាងស៊ិនគាត             ឆ្លៀតក្តិចស្រលាញ់
ហែមសុវណ្ណខ្នាញ់        ភ្លេងបើកវាំងនន
បទភ្លេងនាងនាគ          ញែមសាឌីទន់
កែវរដ្ឋាភ្លន់                  បងមិនគួរឃ្លាត។

នាងៗក្រមុំ                  សក្តិសមសំនៀង
សិល្បៈចម្រៀង            ច្រើនរយរូបទៀត
បង់បាត់កេរ្តិ៍ឈ្មោះ        ស្លាប់និរទេសជាតិ
វាសនាសំពាធ             ឲ្យឃ្លាតឆ្ងាយបា្រណ។                    

ស៊ីនស៊ីសាមុត             រន្ធត់ឱរា
បំភ្លៃសោតា                 មហាក្រអួន
ម្ចាស់សំឡេងមាស       រាស្រ្តខ្មែរអង្រួន
ខ្ទរខ្ទារសមសួន            អង្គររដ្ឋា។

សុះម៉ាត់សូរធ្ងន់           ទន់អ៊ឹងណារី
ជើក(Jerk)វ៉ាសូវី           ចម្រៀងមន្តស្នេហ៍
យោធាអ៊ិនយ៉េង           ថ្លែងគង់ឌីយេ                                     
សាសងស្រុកស្រែ        កំលោះក្រមុំ។

ត្បិតឌុចគឹមហាក់          ឆ្លាក់ស្នេហ៍និស្ស័យ
អាប់ឌុលសារី              ពលទោអភ័ព្វ
ប៉ៃលិនខ្ញុំអើយ             ជាសាវឿនស័ព្ទ
ប្អូនប្រុសព្រាត់ស្លាប់      ស្តាប់ទូចចំរើន។

តូចតេងបួស្រា             ស័ព្ទសូរទឹកធ្លាក់
ម៉ុលកាម៉ាចអាក់          លាអ្នកមានគុណ
ស្រស់អ្វីស្រស់ម្ល៉េះ        នាយវ័រសារុន
លួងលោមបន្ទន់           ចិត្តមិត្តនារី។

តាសាឡួតជ័យ            លក់នំបញ្ចុក
ប្រជែងភូមិស្រុក           យកផលកម្រៃ
បាត់អូនបាត់សូន្យ        នរោត្តមសិរី
វុឌ្ឍសែនខ្វល់ខ្វាយ       សប្បាយត្រង់ដឺ។

យសអូឡារ៉ាំង             ភាំងតាមសុំស្នេហ៍
រាំវង់ហូរហែ                 ក្បែរសួនសារុំ
រាំប្រជាប្រិយ               អ៊ូសនរម្យទម
អ៊ឹមសុងសឺមសម         ឆ្នាំមុនលន្លោច។

ជុំកែមថែមទ្វីស            រាំអោយអស់ដៃ
រាំយប់រាំថ្ងៃ                  ដោយម៉ាសំកុល
មាសហុកសេងទុក្ខ       លលកញីឈ្មោល
មាសសាម៉នល            ជាងខាត់ស្បែកជើង។

បាត់អូនសូន្យឈឹង       ដឹងស៊ីសត្យា
កុលសែមសង្ហា            កញ្ញាតារាច័ន្ទ
រឿងកេរស្បៃប៉ាក់          មាសម៉េងហ៊ាងប៉ិន
ប៉ិចសាលឿនឆ្អិន          កុននិងចម្រៀង។

តារាបណ្តូលចិត្ត           មិត្តឃុនសារី
មិត្តសោមវ៉ាន់ស៊ី           កំលោះស្រុកស្រែ
សង្កែលីវតឹក                អូននឹកឃើញទេ
កុំយំណាស្នេហ៍            ថែគង់ចន្ថា។

មិត្តសស៊ីឡែត             ឆ្អែតចិត្តកំព្រា
ឱះឱ!ចន្ទ្រា                  ប្រណីរូបបង
ដៀងគង់សំអឿន          អាសូររៀមផង
អ៊ុចសឿងសាសង        ស្នេហ៍អូនស្នេហ៍ជាតិ។

ថ្ងៃជ័យអ្នកភ្នំ                ចោមតាតសំណាង
និពន្ធសំអាង               សាងហាសសាឡន
ម៉ាន់ឌេម៉ាន់ឌេ             ចេតនាស្រទន់
មិត្តយិនឌីកាន             ដានស្ទឹងរមាស។

កូនខ្មែរជួយជាតិ           មិត្តមេឃធារិទ្ធ
លោមថេតសម្បត្តិ        វិលវិញណាមុំ
ច្រៀងកងផាណូ           នារីទុក្ខធំ
មីនីកាយំ                    អស់សាំងតាមផ្លូវ។

សំនៀងរិទ្ធី                  កំហឹងជាតិខ្មែរ
ខឹងចិត្តព្រោះតែ            ជាតិខ្មែរគេប្លន់
សាំងសារុនឆ្ងាយ         ឱ!អ្នកមានគុណ
ច្រៀងចម្រៀងល្ខោន     លន្លង់អាលោះ។                            

មិត្តជិនសាខន             រាំតាមចង្វាក់
បទភ្លេងកន្ត្រាក់            តាមរបៀបថ្មី                                  
សម័យទំនើប              សែនស៊ីវិល័យ
មើលឃើញស្រស់ស្រី   ចង់ស្តីសាសង។

ទុក្ខអ្វីប្លែកម្ល៉េះ              ប្រល័យដួងចិត្ត
មាសសាលីឆ្អិត            អាណិតក្មួយស្រី
រាំរ៉ក់និងរ៉ូល                 សប្បាយពេកក្រៃ
ទូចសាលីថ្ងៃ               ណាក៏ស្រវឹង។

ភ្លេងការបុរាណ            នាយស៊ុយច្រៀងលេង
រណ្តំតាមភ្លេង              គូគ្រងម៉ឺនឆ្នាំ
មិត្តតាន់សុកូ               ស្នេហ៍ក្លាយជាកម្ម
គ្រាន់តែថាតាម            អ៊ុកស៊ីណារ៉េត។


អត្ថាធិប្បាយ               ផ្សព្វផ្សាយពីរោះ
ល្បីល្បាញសាយសុស  ឈ្មោះម៉ាឡៅពី
កវីសេកមាស              សណ្តំគ្រប់ទី
បុរសនារី                    កាលពីសង្គម។

អ្នកចម្រៀងខ្មែរ            សមសូរវាចា
បុរសសង្ហា                  ចងឃ្លារ៉ាយរ៉ាប់
ពុំសព្វពុំអស់               ព្រាត់ព្រោះរាយស្លាប់
រយគីឡូរាប់                 ជាប់ទៅស្រុកគេ។

ថ្ងៃយុគមាស               រាស្រ្តរីករាយក្រៃ
លង់តូរ្យតន្ត្រី               ប្រគំអឺងកង
ត្រូវអ្នកចម្រៀង            ពីរោះកន្លង
កោសល្យត្រសង         ចងចម្រៀងសួគ៌។

រៀបរៀងដោយ៖ ប៉ុក បញ្ញាវុធ  (០៩.០២.២០១៣)
E-mail: pokpanhavuth@gmail.com

Khmer People, The Main Citizen of Funan, Chenla and Kambujadesa Empire (Cambodia)

  Khmer Woman From Kampong Cham Province in the Past Royal of Angkor Khmer Kambujadesa Empire (Cambodia at the peak in history) Khmer people...