ព្រលឹមប្រលោម សមមេឃភ្លឺថ្លា
រស្មីសុរិយា ចារជាថ្ងៃថ្មី
ទស្សនាកន្លែង ចែងចិត្តភក្តី
ជាប់ស្នេហ៍នឹងថ្លៃ ទីអូឡាំពិច។
ឱ!កីឡាដ្ឋាន មានមន្តដូចផ្កា
ពេលឃើញកាលណា ចិន្តាមេត្រី
ស្រស់ដូចរូបបង ស្រស់សមពេកក្រៃ
រកអ្នកដទៃ នឹងផ្ទឹមពុំបាន។
ពហុកីឡា ដ្ឋានដានស្នាដៃ
ខេមរាសាមគ្គី ពីសង្គមចាស់
ស្ថាបត្យកម្ម ប្រវត្តិសាស្ត្រ
ជាតិខ្មែរល្អល្អះ រដ្ឋរាស្ត្រនិយម។
៦៣ដីលាស់ ផ្លាស់មុខមាត់ថ្មី
កូនខ្មែរចរណៃ ច្នៃអូឡាំពិច
វណ្ណម៉ូលីវណ្ណ ស្មារតីដូចពេជ្រ
គូរប្លង់រំលេច ឈ្លេចសាងនគរ។
៦៤សម្រេច កិច្ចសាងកីឡា
ពហុថ្លៃថ្លា ដ្ឋានកាយសម្ព័ន្ធ
ប្រុសស្រីជិតឆ្ងាយ គ្រប់កាយរួសរាន់
ស្រស់គ្រប់ជំនាន់ លាន់កីឡាជាតិ។
៦៥ចាំងជះ ប្រុសស្រីបានសុខ
ជ័យព្រះប្រមុខ លោកលើកស្ទួយជាតិ
គ្រប់កាយសម្ព័ន្ធ ជាតិអន្តរជាតិ
ខំប្រឹងខ្មីឃ្មាត សាងជាតិបរិបូណ៌។
ស្នូរហ៊ោទះដៃ សម្រែកជាតិខ្មែរ
៦៥ហូរហែ រចនាប្រែពណ៌
ទាហាននិស្សិត ហាត់ប្រាណកំដរ
លោកហ្សាលដឺហ្គោល ជាទស្សនីយភាព។
នេះនឹករឿងចាស់ គួរអោយលំនឹង
ជាក្តីរំពឹង ថានឹងថ្លៃថ្នូរ
ស្នាមស្នេហ៍ស្និទ្ធិស្នាល ជាទីបណ្តូល
សុខភាពជាស្នូល ស្ទួយកីឡាជាតិ។
អូឡាំពិចអើយ អ្នកល្អម៉ត់ហ្មង
អរគុណដល់បង ចងអនុស្សា
រីអស់ចាស់ក្មេង វង្វេងស្នេហា
សាយ័ណ្ហសុរិយា យាត្រាហាត់ប្រាណ។
ថ្ងៃជ្រេទៅហើយ អូនសូមលាសិន
លាកែវមាសឆ្អិន បណ្តូលស្នេហា
លើកទូរស័ព្ទដៃ ថតជាសច្ចា
សម្រស់រៀមរ៉ា ពេជ្រក្រុងភ្នំពេញ។
និពន្ធដោយៈ ប៉ុក បញ្ញាវុធ
(០៩.០២.២០១៥)