នាមអង្គព្រះបាទ ក្សត្រកម្ពុជា
ភ្នំពេញភារា វង្សនរោត្តម
សីហនុវរ្ម័ន ផ្តល់ក្តីត្រជុំ
ត្រឈៃមនោរម្យ សង្គមសាន្តត្រាណ។
បុណ្យបារមីតេជ ទ្រង់សីហនុ
នាមល្បីសាយសុស គ្រប់អស់កន្លែង
មានគុណបំណាច់ ស្រេចតាំងពីក្មេង
យុវភាពប្រឹងប្រែង សាងកម្ពុជាថ្មី។
ចរិយាថ្លៃថ្នូរ សំដីត្រជាក់
ប្រជាឥតអាក់ ចោមរោមតោងក្បែរ
ប៉ងកាន់ហត្ថា ថាបារមីថែ
អ្នកបានកាន់ក្បែរ មានវាសនាខ្ពស់។
ព្រះមហាក្សត្រ សម្បត្តិម៉ត់ហ្មង
សុភាពសាសង រម្យទមពុំឃ្លាត
ដណ្តើមឯករាជ្យ ៥៣ជូនជាតិ
ខំប្រឹងខ្មីឃ្មាត សាងជាតិបរិបូណ៌។
៥៥ស្មារតី ច្នៃសាងសង្គម
ខ្មែររាស្ត្រនិយម ផ្តុំសហករណ៍
សាងអស់រោងចក្រ សិល្បៈកំដរ
អប់រំនឹងនរ ជំហរវិជ្ជា។
សាកលវិទ្យាល័យ ជំនាញចំណាន
វិជ្ជាពេទ្យបាន ចម្រើនឧត្តម
បច្ចេកវិទ្យា ស្ថាបត្យកម្ម
អក្សរសាស្រ្តមាំ កសិកម្មហូរហៀរ។
រចនាសម្ព័ន្ធ អង្គតែងចាត់ចែង
កសាងខ្វាត់ខ្វែង ដងធារាសាស្រ្ត
វារីអគ្គិសនី គេហដ្ឋានច្បាស់
តូចធំល្អល្អះ ទាំងក្រុងជនបទ។
៦២ជោគជ័យ តវ៉ាបណ្តេញ
ទ័ពឈ្លានពានចេញ ផុតព្រះវិហារ
មហាប្រាសាទ ក្បាច់ស្អាតមហិមា
កេរកម្ពុជា ពីក្សត្រខ្មែរចាស់។
សុខសន្តិភាព វាលរាបត្រជាក់
រដូវភ្លៀងធ្លាក់ ធ្វើស្រែចម្ការ
វិស័យនេសាទ មិនខ្វះមច្ឆា
ក្នុងផ្ទៃគង្គា បឹងទន្លេសាប។
ព្រៃលិចទឹកអើយ នោះហើយធានា
ជម្រកបក្សា មច្ឆជាតិស្រស់
ភូមិអណ្តែតទឹក សំណង់ឈើលាស់
ប្រជាស្រីប្រុស សាងគ្រប់សណ្ឋាន។
តំបន់ខ្ពង់រាប ព្រៃព្រឹក្សស្រងាត់
សូរសំឡេងសត្វ សណ្តំបព្វតា
មានប្រើសដំរី រមាសឈ្លូសស្វា
គោព្រៃខ្ទីងខ្លា បក្សាដេរដាស។
បុរីធម្មជាតិ ជួរភ្នំក្រវាញ
គិរីត្របាញ់ ណែនណាន់តាន់តាប់
ទឹកធ្លាក់ឈូឆរ រីករាយសណ្តាប់
ប្រុសស្រីរយរាប់ គាប់ចិត្តមិនណាយ។
ទាំងជនបទក្រុង ចងចែងម៉ត់ចត់
រៀបរយកំណត់ នៅក្រោមច្បាប់រដ្ឋ
ទ្រង់សីហនុ គំនិតមោះមុត
មិនខ្លាចនឿយហត់ គិតគ្រោងរដ្ឋា។
អង្គសម្តេចឪ ក៏នៅមិនភ្លេច
ភារៈសេដ្ឋកិច្ច ដូចពេជ្រចរណៃ
ខំសាងកំពង់ ផែអន្តរជាតិល្បី
ទំនិញរាល់ថ្ងៃ ចេញចូលមិនឈប់។
៦៥ចាំចិត្ត និម្មិតពរជ័យ
កម្ពុជាថ្លាថ្លៃ គ្រប់វិស័យហ៊ោ
ឧស្សាហកម្ម ពេជ្រច្នៃបរិបូណ៌
កសិកម្មហែហូរ ផលច្រើនក្រាស់ក្រៃ។
តែកម្មពៀរអ្វី ទ្រង់ចាញ់ឧបាយ
បរទេសជិតឆ្ងាយ អន្តរាយអង្គរ
ទេសខំសាងល្បី បែរជាទួញថ្ងូរ
ស្រុកកើតវឹកវរ តពី៧០។
ជាង២ទសវត្សរ៍ សង្កត់កម្ពុជា
រលាយភារា វិនាសធនធាន
ប្រល័យជីវិត ញាតិមិត្តគ្រប់ប្រាណ
ជំនាញចំណាន ប្រាសប្រាណពីស្រុក។
ឱកាសមានថ្មី វិលដីកម្ពុជា
សាងសុខភារា ប្រជាសាមគ្គី
បញ្ចប់ជម្លោះ អស់គ្រប់ទិសទី
ស្មារតីមូលមីរ សាងកម្ពុជាអើយ។
ជួយអស់ចិត្តកាយ ថ្លាថ្លៃបរិសុទ្ធ
លាងសាងប្រវត្តិ ចាញ់កលអន្តរាយ
សាងសីលនិងធម៌ សណ្តោសប្រុសស្រី
ប្រជាជិតឆ្ងាយ អន្លាយហែហូរ។
១៥តុលា ២០១២
អង្គក្សត្រថ្លាថ្លៃ លាដីកម្ពុជា
លាទៅសែនឆ្ងាយ មិនងាយជួបគ្នា
លាហើយកម្ពុជា សូរសៀងក្រអួន។
សូមព្រះវិញ្ញាណក្ខន្ធ អង្គបានសោយសុខ
នាភពខាងមុខ ស្រណុកសួគ៌ា
ផុតក្តីទុក្ខា ថែគ្រងកម្ពុជា
កំពុងវឌ្ឍនា មហារុងរឿង។
រៀបរៀងដោយ៖ ប៉ុក បញ្ញាវុធ (០៤ កុម្ភៈ ២០១៣)
រសសំឡេងអង្គសម្តេចឪ