ដើមខែកុម្ភៈ ខ្យល់ធ្លាក់រំភើយ
ទ្រូងបានល្ហែល្ហើយ ស្បើយស្មុគ្រមួយគ្រា
លេងភូមិកំណើត ស្រុកធ្លាប់កើតជា
សប្បាយគ្រប់គ្រា មិនដែលខកខាន។
ជួបហើយត្រូវបែក ត្រសែតសែនឆ្ងាយ
កំពង់ក្របី ដីភូមិខ្ញុំអើយ
ក្រុងបាត់ដំបង ពៅសូមលាហើយ
ព្រោះហេតុម្តេចឡើយ ជួបហើយត្រូវព្រាត់។
លាស្ទឹងសង្កែ ធ្លាប់ហែលលេងទឹក
ថ្ងៃរះពេលព្រឹក ភ្លឹកឈរសម្លឹង
រាល់ពេលថ្ងៃលិច មិនភ្លេចរំពឹង
ល្អស្អាតម្ល៉ឹងៗ ប្រឹងកែវនេត្រា។
លាប៉ានិងម៉ាក់ ធ្លាប់ថ្នាក់ធ្លាប់ថ្នម
ប្រឡែងប្រលោម លួងលោមអង្អែល
កូនៗគ្រប់គ្នា មិនអោយមានល្ហែ
សណ្តំមន្តស្នេហ៍ ថែកូនថ្លាថ្លៃ។
លាទីលំនៅ ដៅអនុស្សា
តាំងពីកុមារ ចារជានិស្ស័យ
ឱ!ដើមកន្ទួត រួតរឹតដួងចៃ
ធ្លាប់ពឹងអាស្រ័យ ដីមុខផ្ទះខ្ញុំ។
លាហើយរុក្ខជាតិ ធម្មជាតិស្រស់ស្រាយ
ផ្កាក្រហមស្វាយ ផ្កាឈូកលាយស
គួរខ្នាញ់កូនឆ្កែ រោមចម្រុះពណ៌
នឹកម្ហូបឆ្ងាញ់ល្អ តកេរដំណែល។
លាសាលារៀន ២ធ្នូដួងចិត្ត
វ័យក្មេងនិមិ្មត មិត្តភក្តិច្រើននាក់
រត់លេងរីករាយ សប្បាយឥតអាក់
ចេញលេងពីថ្នាក់ មើលភ្នំអន្លាយ។
ប្រវត្តិជាប់ចិត្ត អនុវិទ្យាល័យ
សោហឺសែនល្បី តាំងពីសង្គម
សម្តេចឪព្រះ មុនីវង្សធំ
វិទ្យាល័យនិយម ខ្ញុំធ្លាប់សិក្សា។
លាហើយនេតយ៉ង់ ដំបងគ្រញូង
កូនចៅបួងសួង ប្រលងបាក់ឌុប
ចងចាំមិនភ្លេច រៀងរាល់ថ្ងៃយប់
គ្រប់គ្រាដែលជួប អរគុណអនេក។
លាទាំងអាល័យ ចាំថ្ងៃជួបវិញ
ផុតក្តីទោម្នេញ លាភ្នំពេញម្តង
ដំណើរមកកាន់ ខេត្តបាត់ដំបង
ស្នេហ៍ស្និទ្ធភូមិផង កំពង់ក្របី។