ស្រណោះចូលឆ្នាំ ចំណាំរាល់ប្រាណ
គ្រប់ស្រុកភូមិឋាន បានសុខសិរី
ទាំងយើងទាំងគេ ខ្មែរទាំងប្រុសស្រី
រាំវង់ឆ្នាំថ្មី សប្បាយអស្ចារ្យ។
កាលណោះប្រុសបង ស្កាត់មកជួបស្រី
នៅឯវត្តថ្មី រាំវង់សង្ហា
ខ្យល់បក់រំភើយ រាត្រីភ្លឺថ្លា
រស្មីតារា ចាំងច្រាលមេឃា។
ឆ្នាំថ្មីឡើងរាំ រណ្តំតាមភ្លេង
ទាំងចាស់ទាំងក្មេង កំលោះក្រមុំ
ភូមិជិតភូមិឆ្ងាយ ចិន្តាសុខុម
ឆ្នាំថ្មីរស់រម្យ ជួបជុំញាតិផៅ។
រាំទៅ!រាំទៅ! ខ្មែរគ្រប់ទិសទី
រាំវង់សាមគ្គី កេរពីបុរាណ
សប្បាយអស់ដៃ បីថ្ងៃកុំខាន
រាំលេងកម្សាន្ត ចង្វាក់រាំវង់។
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៤.០៤.២០១៣)