ថ្ងៃបុណ្យអុំទូក ចូលមកដល់ហើយ
នែ!លោកប្តីអ្ហើយ នាំអូនដើរលេង
មួយឆ្នាំមានម្តង គួរណាស់បងឯង
ជូនអូនដើរលេង កម្សាន្តអារម្មណ៍។
ថ្ងៃបុណ្យអុំទូក ខ្មែរគ្រប់ទិសទី
នាំគ្នាមូលមីរ នៅក្រុងភ្នំពេញ
នាមាត់ទន្លេ រលករលេញ
អស់ទូកប្រដេញ គ្នាលើគង្គា។
នាពេលព្រលប់ ចប់ការប្រណាំង
បរមរាជវាំង ចែងចាំងដូចពេជ្រ
កាំជ្រួចគ្រប់ពណ៌ ពាសមេឃរំលេច
ប្រទីបមិនតិច បណ្តែតជលសារ។
ពិធីអុំទូក ប្រារព្ធបីថ្ងៃ
បុណ្យប្រពៃណី ខ្មែរពីបុរាណ
ទាំងចាស់ទាំងក្មេង ដើរលេងកម្សាន្ត
នែ!ប្រុសកល្យាណ ដើរលេងណាបង។
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (២០.០៧.២០០៥)