ឱ!បាត់ដំបង ធ្លាប់ច្បងខាងស្រូវ
ទេសភាពមើលទៅ គួរឲ្យស្រណោះ
ឃើញវាលស្រែធំ មានភ្នំទាបខ្ពស់
ធម្មជាតិដ៏ស្រស់ ចិត្តខុសពីមុន។
ប្រជាកំលាំង ខ្លាំងទៅស្រុកគេ
ចាកស្រុកព្រោះតែ ជីវភាពទ័លច្រក
ខំប្រឹងធ្វើស្រូវ ផលត្រូវចិត្តខក
ឈ្មួញតែងដំអក់ បន្ថោកតំលៃ។
ព្រៃប្រែហោះហើរ សឹងដីរលោង
បើទោះឃើញជ្រង មានតែជាប់ផ្លូវ
បើដើរលេងសុស លុះលង់ឥលូវ
ក្នុងនាមព្រៃជ្រៅ មើលទៅស្រលះ។
ប្រាសាទឯកភ្នំ យំព្រោះបាក់បែក
បាណន់ទឹកភ្នែក ស្រែកជេរទៅភ្នំ
ប្រាសាទបាសែត ស្នឹងដួលរលំ
ក្រូចពោធិ៍សាត់ក្រំ យំព្រោះល្បិចចោរ។
មកម៉ៅចំការ ថាយកតែផ្លែ
បាញ់ថ្នាំស្អីគេ ទេហួសនិស្ស័យ
ចេញផលដូចចិត្ត ពិតបានមួយដៃ
រួចចាកចោលស្រី រសផលប្រែល្អៀង។
បឹងទន្លេសាប រៀបទឹករាក់ក្រៃ
ដែនលិចទឹកព្រៃ បាត់រយហិចតា
នាមទឹកមានត្រី ប្រែខ្សត់មច្ឆា
ទំនួញសោកា ល្អក់ស្ទឹងសង្កែ។
មន្ទីរអប់រំ គុកធំកំផែង
ធ្លាប់ឬកខែងរ៉ែង កណ្តាលក្រុងខ្ញុំ
ដោះដូរសង់ឆ្ងាយ ទុកដីចាស់ម្តុំ
ឲ្យឈ្មួញសំងំ ចំណេញហូរហៀរ។
ធ្លាប់រីករុងរឿង ថ្កើងខ្ទរបុរី
បុណ្យប្រពៃណី សាមគ្គីពុំខាន
ដល់មកសព្វថ្ងៃ មិនដល់នឹកស្មាន
ចៅហ្វាយមិនបាន រលឹកនឹកនា។
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៤.០៤.២០១៣)