សូវិយារៀងរះ ស្រឡះនភា
រស្មីគង្គា ភ្លឺផ្លេកគួរស្នេហ៍
នៅបាត់ដំបង ដងស្ទឹងសង្កែ
គគីរដង្ហែ ដើមម្លប់ត្រឈៃ។
ឱ!ម្លប់ដើមដូង យោងយោលផាត់ផាយ
តាមខ្យល់អន្លាយ ឥតខ្វល់ខ្វាយអ្វី
សត្វចាបចេបៗ ខ្ញៀវខ្ញារផុតដី
សារិកាសប្បាយ ហើរគូត្រសង។
មើលទឹករលក បោកបែកផ្កាត្រែង
ទូកនេសាទប្រែង ប្រឹងរាយសំណាញ់
ដោយភាពអំណត់ ម៉ត់ចត់ពេញខ្នាញ់
ចាំដល់សំណាញ់ ពោរពេញដោយត្រី។
ស្ពានថ្មសក្បុស ជំនួសស្ពានដែក
សែនស្រួលអនេក ឆ្លងដំណើរទៅ
មកមិនដែលឈប់ ព្រលប់យប់ជ្រៅ
ប្រជាឥឡូវ រស់នៅសប្បាយ។
ផ្ការីកស្គុសស្គាយ ចំប៉ីក្តាំងងា
ម្លិះរួតម្លិះលា ចងជានិស្ស័យ
ស្លឹកត្នោតរេរាំ ក្រោមម្លប់ត្រឈៃ
វាលស្មៅខៀវខ្ចី ប្រិមប្រិយឧទ្យាន។
មើលផ្ទះបុរាណ មានឈើមានថ្ម
ទឹកដៃដ៏ល្អ តកេរដំណែល
ព្រលឹងប្រលោម វត្តធំក្បាច់ខ្មែរ
សារមន្ទីរថែ អស់កេរចំណាស់។
អគារខ្ពស់ៗ ដុះអមសងខាង
សំអិតសំអាង សាងកេរ្តិ៍ឈ្មោះល្បី
រចនាបថថ្ម លំអសម័យ
ពាណិជ្ជទាំងឡាយ ស្រស់ស្រាយអ៊ូអរ។
ស្ទឹងខៀវធ្លាប់ដឹង នាមស្ទឹងសង្កែ
ចាស់ក្មេងហូរហែ នាំគ្នាហាត់ប្រាណ
ក្រោមពន្លឺខែ សមសុ្រកសាន្តត្រាណ
សូរិយារៀបប្រាណ ចូលខ្លួននិន្ទ្រា។
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (២៩.១១.២០១២)