រសៀលជ្រាលជ្រេ ទន់ទេរទៅហើយ
ខ្យល់បក់រំភើយ ល្វឹងល្វើយត្រជាក់
បក់ចុះបក់ឡើង ជាប់ឥតមានអាក់
ដោយក្តីស្មោះស្ម័គ្រ រីករាយពេកក្រៃ។
អនុស្សាវរីយ៍ភ្នំ ផ្តុំជានិស្ស័យ
មិត្តភក្តិក្មេងខ្ចី ដើរលេងលំហែ
ជុំគ្នាឡើងភ្នំ ជនបទស្រុកស្រែ
គាស់ក្រឡដែល ឆ្ងាយឥតធ្លាប់យល់។
មួយកាំៗ គួរចាំក្នុងចិត្ត
សប្បាយពេកពិត ខ្នងភ្នំធិបតី
សម្រស់ជុំវិញ ធម្មជាតិខៀវខ្ចី
ក្រវាញនោះអី ជួរភ្នំអន្លាយ ។
មើលចុះច្រាំងចោត ផ្តោតទៅមេឃឆ្ងាយ
ពពកផាត់ផាយ ចំហាយសក្បុស
អីទេខាងណេះ មានបឹងតូចនោះ
អ្នកស្រុកភូមិគាស់ ហៅបឹងថៃលុយ។
សូរិយាឯនាយ រៀបអស្តង្គត
ធម្មជាតិស្រគត់ ស្រគំយំស្តាយ
រស្មីបង់បាត់ ស្ងាត់ខ្យល់រំភើយ
លើកដៃលាហើយ ពណ៌មាសឆ្អិនឆ្អៅ។
លាហើយ!លាហើយ! ខ្នងភ្នំធិបតី
អាឡោះអាល័យ ស្រមៃនឹកណាស់
ជួបគ្នាគ្រាក្រោយ បើមានឱកាស
ផ្ទៃមេឃស្រឡះ គង់បានជួបវិញ។
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (២៨.១១.២០១២)