ពីរពាន់ប្រាំពីរ ឆាកជីវិតថ្មី
សាកលវិទ្យាល័យ ពីរដំណាលគ្នា
ដំបូងសែនភ័យ មិនដឹងយ៉ាងណា?
ក្នុងកិច្ចសិក្សា ពីរជំនាញផង។
ទោះជាយ៉ាងណា ត្រូវតែអំណត់
ប្រុសស្រីម៉ត់ចត់ ជាមិត្តអនង្គ
រៀនចម្រុះគ្នា ពីគ្រប់ខេត្តក្រុង
ចងជាកម្រង អនុស្សាវរីយ៍។
រៀនរស់រឹងប៉ឹង លំនឹងជីវិត
រៀនរស់រៀនគិត គំនិតថ្ងៃក្រោយ
រៀនទាន់នៅក្មេង កុំអោយថ្លោះធ្លោយ
កុំអោយរុះរោយ តាមពេលវេលា។
ជួយគ្នាក្នុងក្រុម ជំនុំសិក្សា
ដោះស្រាយបញ្ហា នៅចំពោះមុខ
កុំទុកចាំស្អែក រួមសុខរួមទុក្ខ
មិនចាំសំកុក អោយទឹកលិចឡើយ។
រៀនសើចរៀនយំ មុខជូរមុខស្រស់
ចែកដោយស្ម័គ្រស្មោះ ចំពោះវិជ្ជា
ជួនចូលសិក្ខា សាលារួមគ្នា
ក្រេបយកវិជ្ជា ចាស់ៗផ្តល់អោយ។
សប្បាយអ្វីម៉្លេះ ញាំបាយជុំគ្នា
កញ្ចប់ភោជនា ស្រស់ស្រូបថ្ងៃត្រង់
ជួនចែកគ្នាញាំ ដោយចិត្តស្មោះត្រង់
សើចលេងអឺងកង ថតរូបរួមគ្នា។
គ្រានេះលាហើយ មិត្តអើយយើងបែក
មិនដឹងថ្ងៃស្អែក បែកឬជួបគ្នា
រកស៊ីមានបាន សុខទុក្ខការងារ
ក្នុងផ្លូវខុសគ្នា នាគ្រប់វិស័យ។
អរគុណណាមិត្ត ពិតជាសប្បាយ
ជាងបួនឆ្នាំប្លាយ ថ្លាថ្លៃបញ្ញា
សូមមិត្តបានសុខ ផុតទុក្ខសង្កា
គ្រប់ពេលវេលា ចម្រើនរុងរឿង។
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (២៨.១១.២០១២)