ជួរភ្នំក្រវាញ មើលពីចម្ងាយ
ធម្មជាតិទាំងឡាយ សែនស្រស់ប្រិមប្រិយ
មានពណ៌បៃតង ចំណងខៀវខ្ចី
ក្នុងដងព្រឹក្សព្រៃ ត្រឈៃកន្លង។
ជួរភ្នំក្រវាញ រាងវែងអន្លាយ
ដូចនាគផាត់ផាយ ពីក្បាលដល់ខ្លួន
ពីដែនកោះត្រល់ ដល់បុរីច័ន្ទ
មេឃមីរស្រទន់ គយគន់មិនណាយ។
ច័ន្ទដូចជាក្បាល ត្រល់ដូចកន្ទុយ
មើលឃើញស្ទុយៗ ផុសពីផ្ទៃទឹក
រីឯដងខ្លួន រាងវែងសន្ធឹក
និរតីរំលឹក ប្របមាត់សមុទ្រ។
តពីកំពត ព្រះសីហនុស្កាត់
កោះកុងពោធិ៍សាត់ ស្ពឺបាត់ដំបង
ប៉ៃលិនហើយភ្នំ ខ្ពស់ជាងគេផង
ឱរ៉ាល់ចាំចង ជាប់កំពង់ឆ្នាំង។
ជួរភ្នំក្រវាញ កម្សាន្តទេសចរណ៍
ទឹកធ្លាក់ឈូឆរ តាតៃផងល្បី
ទីក្រុងបូកគោ ឋានសួគ៌លោកិយ
ប្រុសស្រីរីករាយ នៅគិរីរម្យ។
ជួរភ្នំក្រវាញ សោះសែនស្រឡាញ់
ផ្លែក្រវាញឆ្ងាញ់ ឱសថបុរាណ
ម្រឹគ្រីម្រឹគ្រា ជុំគ្នាសុខសាន្ត
ប្រុសស្រីរាល់ប្រាណ រកស៊ីពំនាក់។
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (២៨.១១.២០១២)