ឱះឱ!វាសនា ម្លិះលាកម្សត់
ផលកម្មកំណត់ ផ្កាអភ័ព្វក្រៃ
ជាតិនេះត្រូវរស់ តែឯកាកាយ
ក្នុងភពនិស្ស័យ ដីបាត់ដំបង។
កើតមកជាផ្កា បិទបាំងរូបកាយ
នាដែនលោកិយ ប្រុសស្រីដៀលជេរ
រសជាតិជាផ្កា រឹងប៉ឹងផងដែរ
ការនៅទំនេរ ជាកេរជីវិត។
ឱ!ភ័ព្វវាសនា ចិន្តាស្រទន់
យប់យន់ស្ងាត់សូន្យ លូនយំម្នាក់ឯង
តើធ្វើម្តេចទៅ ទើបផុតចំបែង?
កណ្តោចកណ្តែង ជីវិតលោកិយ។
ការងារមោះមុត ផ្តោតក្នុងវិជ្ជា
ពន្លឺមាគ៌ា ដូចផ្ទៃសាគរ
រលករស្មី ចាំងពីសែងសូរ្យ
ទឹកបោកនឹងថ្ម បន្ទរជាភ្លេង។
ការប្តេជ្ញាចិត្ត ពិតក្នុងផ្លូវមួយ
សម្រាប់លើកស្ទួយ ជួយចិត្តភក្តី
រស់មានប្រយោជន៍ ជួយឪពុកម្តាយ
អោយសុខសប្បាយ ក្នុងក្រុមគ្រួសារ។
ស្មារតីប្រណីត គឺគិតរឿងជាតិ
ខិតខំខ្មីឃ្មាត ឆ្លៀតបម្រុងផ្តល់
ជួយតាមលទ្ធភាព ជាទ្រព្យមង្គល
កម្លាំងកាយពល បូជាជូនជាតិ។
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (២៨.១១.២០១២)