រដូវអុំទូក ចុងខែវិច្ឆិកា
រីករាយចិន្តា ទៅលេងពុកម៉ែ
ដំណើរទៅស្រុក ទស្សនាស្រូវស្រែ
ស្រស់ស្រាយម៉្លេះទេ ទៅបាត់ដំបង។
ដំណើររថយន្ត លយលូនលឿនក្រៃ
តាមមហាវិថី ជាតិខ្មែរលេខប្រាំ
រំពៃយូរៗ ឃើញវាលជោគជាំ
ដើមស្រូវរេរាំ ស្រូវទុំខ្លះខ្ចី។
ពីកំពង់ឆ្នាំង បាំងភ្នំកង្រី
ដើមស្រូវខៀវខ្ចី លាយផ្ទៃជលធារ
នៅឯពោធិ៍សាត់ ដូចណាត់ជួបគ្នា
ចំពេលវេលា ស្រូវទុំត្រូវច្រូត។
ឆ្ងាយអើយសែនឆ្ងាយ ឆ្ងាយពីភ្នំពេញ
ពៅវិលមកវិញ ជួបបាត់ដំបង
ទីភូមិកំណើត ចិត្តតែងចាំចង
ឱ!បាត់ដំបង ស្រែស្រូវយ៉ាងណា?
ពីក្រុងពោធិ៍សាត់ ស្កាត់មោងឫស្សី
ជាប់ចិត្តបេតី វាលស្រែល្វឹងល្វើយ
ស្រណោះរឿងដើម ហួយមាសដង្ហោយ
ព្រាត់ក្ស័យទៅអើយ នៅមោងឫស្សី។
គួរអោយប្លែកណាស់ អាកាសរំភើយ
អោយចិត្តល្ហែល្ហើយ ផុតក្តីទុក្ខា
រីករាយពេកពន់ គយគន់ទស្សនា
វាលស្រែចម្ការ លូតលាស់ខៀវខ្ចី។
មើលហ្ន៎!ផ្កាស្រស់ ចំរុះពណ៌គ្នា
ភុំភួងមាលា ព្រលឹតរំចង់
ផ្កាឈូកផ្កាស្នោ រីកស្រស់ផូរផង់
កំប្លោកកំប្លង់ គួរលង់ពណ៌ស្វាយ។
អស់គោក្របី បញ្ចេញកម្លាំង
ទោះថ្ងៃក្តៅខ្លាំង ប្រឹងជញ្ជូនស្រូវ
រួចចប់កិច្ចការ ម្ចាស់អោយស៊ីស្មៅ
បញ្ចប់រដូវ ច្រូតកាត់ស្រូវខ្មែរ។
ដោយក្តីសង្ឃឹម ញញឹមជឿជាក់
បាត់ដំបងឆ្លាក់ ជាសាវតារថ្មី
ការអភិវឌ្ឍន៍ ប្រាកដសព្វថ្ងៃ
ខ្មែរមានជោគជ័យ ដោយដៃសាមគ្គា។
ស្រូវអើយស្រូវភូមិ លឿងទុំច្រើនទៅ
ដើម្បីជាផ្លូវ ផ្តល់ក្តីរមនា
ដល់កសិករ ជាតិខ្មែរគ្រប់គ្នា
រស់នៅសុខា រុងរឿងតទៅ។
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (២៨.១១.២០១២)