Showing posts with label Song. Show all posts
Showing posts with label Song. Show all posts
Thursday, July 25, 2013
Wednesday, June 12, 2013
Sunday, June 9, 2013
Friday, May 3, 2013
Friday, April 19, 2013
Tuesday, April 16, 2013
កំលោះក្រមុំក្រុងបាត់ដំបង
(រួម)៖ ឆ្នាំនេះឆ្នាំថ្មី ប្រុសស្រីច្រៀងរាំ
កំលោះក្រមុំ ឡើងរាំសប្បាយ (២ដង)។
(ប)៖ បងសូមនួននាង ស្រីឡើងច្រៀងរាំ
ប្រឡងនឹងបង កន្លង់ក្រុងយើង
(ស)៖ នារីក្រមុំ កំពុងឡើងទ្រើង
បាត់ដំបងយើង សូមស្ម័គ្រកំដរ។
(រួម)៖ ឆ្នាំនេះឆ្នាំថ្មី ប្រុសស្រីច្រៀងរាំ
កំលោះក្រមុំ ឡើងរាំសប្បាយ (២ដង)។
(ប)៖ ឆ្នាំថ្មីរាំលេង ក្នុងភាពមេត្រី
សែនសមស្រស់ស្រី ដៃទន់បង់បោយ
(ស)៖ អីនែ!ប្រយ័ត្ន កុំអោយថ្លោះធ្លោយ
អូនព្រមរាំហើយ កុំជាន់ជើងខ្ញុំ។
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៦.០៤.២០១៣)
អនុស្សាវរីយ៍រតនមណ្ឌល
កាលពីកុមារ ផលព្រេងបានផ្តល់
តាមលោកពុកយល់ ធម្មជាតិខៀវខ្ចី
រតនមណ្ឌល តម្កល់និស្ស័យ
ដួងចិត្តភក្តី ស្ម័គ្រថ្លៃស្នេហា។
ផ្លូវជាតិលេខ១០ សំណព្វចិត្តអើយ
ខ្យល់បក់រហើយ ធ្វើដំណើរទៅ
ពិតពុំមានខាន កាត់ភ្នំសំពៅ
ដំណើរសំដៅ ទៅលេងមណ្ឌល។
ស្រណោះពេទ្យស្តៅ ខ្ញុំនៅពីក្មេង
រត់លប្រលែង បេះអំពិលត្រួយ
ជាទ្រព្យរបង ម្ជូរឆ្ងាញ់លេខមួយ
រាស្ត្រខ្មែរផុតព្រួយ ចូលមកព្យាបាល។
ស្ទឹងថ្វាកចារចិត្ត សំរិទ្ធផ្លូវមាស
សេកសកល្អល្អះ ជ្រោះពេជ្រចិន្តា
ឱ!ភ្នំបាណង់ លង់មន្តនេត្រា
ព្រលឹមកាលណា ស្វាគមន៍ជានិច្ច។
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៦.០៤.២០១៣)
កំលោះក្រមុំចូលឆ្នាំ
បុណ្យប្រពៃណី នារីកំលោះ
តែងកាយឆោមស្រស់ រាំវង់ឆ្នាំថ្មី
ខ្លះរាំលក់ផ្កា កញ្ញាមេត្រី
កំលោះប្រិមប្រិយ សុំនាងចូលរាំ។
មួយឆ្នាំមានម្តង កន្លង់ជិតឆ្ងាយ
រាំអោយអស់ដៃ បីថ្ងៃកន្លង
បុប្ផាស៊ីវិល័យ កុំប្រកាន់ឆ្គង
រាំជាគូគ្រង ឆ្លងបុណ្យចូលឆ្នាំ។
ក្រមុំរាំទន់ ភ្លន់គួរមេត្រី
កំលោះវាងវៃ ច្នៃរាំសមសួន
លើកដៃឡើងរាំ មួយពីរបីបួន
ចម្រៀងតាមក្បួន ភ្លេងជួនរណ្តំ។
ប្រុសស្រីទាំងអស់ ឆ្នាំនេះឆ្នាំថ្មី
រាំប្រជាប្រិយ រីករាយមនោរម្យ
រាំវង់ក្នុងវត្ត ចាស់ក្មេងសណ្តំ
រាំលេងក្នុងភូមិ បុណ្យចូលឆ្នាំថ្មី។
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៦.០៤.២០១៣)
សម្រស់ខ្នងភ្នំសំពៅ
ពេលព្រឹកព្រលឹម ញញឹមប្រិមប្រិយ
ក្រោមសូរ្យរស្មី មេឃខៀវស្រងាត់
តាមជណ្តើរថ្ម លឺសំឡេងសត្វ
ធម្មជាតិស្ងៀមស្ងាត់ ទោចយំល្វើយៗ។
ខ្យល់បក់ត្រជាក់ ស្លឹកឈើរវិច
វាលស្រែរំលេច បៃតងចងស្នេហ៍
ក្រុងបាត់ដំបង ឆ្ងាយសន្លឹមដែរ
ពណ៌សអ្វីទេ រាបជាប់ជើងមេឃ។
ឱ!អ្នកតាភ្នំ ខ្ញុំសុំបែរបន់
ប្រាសាទបាណន់ គន់ពីចម្ងាយ
បោចផ្កាម្រះពៅ សុទ្ធាវែងឆ្ងាយ
រូងល្អាងសុសសាយ សប្បាយទេសចរណ៍។
គិរីបព៌ត ជាប់វែងអន្លាយ
ដូចសក់ត្រសាយ ក្រាលគ្របលើស្មា
ភ្នំរំសាយសក់ សែនស្រស់ត្រកាល
ទ្រុងមាន់ទ្រុងទា ក្តោងភ្នំក្រពើ។
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៦.០៤.២០១៣)
សម្រស់រតនមណ្ឌល
រតនមណ្ឌល ពេលយល់កាលណា
ចងជាប់ចិន្តា សុខាសប្បាយ
ទេសចរណ៍ស្រីប្រុស ឆ្ងាយជិតឥតណាយ
កម្សាន្តរីករាយ រមណីយដ្ឋានល្អ។
សេកសកដួងចិត្ត ជ្រោះពេជ្រចិន្តា
ស្ទឹងថ្វាកទឹកថ្លា ងូតលេងក្អាកក្អាយ
ក្មេងចាស់តូចធំ ក្រមុំមិនណាយ
កំលោះស្រស់ស្រាយ សាយចម្លងកួយ។
ទឹកហូររឹមៗ ប៉ប្រិមនឹងថ្ម
សូរសៀងកំដរ លំអធម្មជាតិ
ម្លប់ឈើត្រឈៃ ឫស្សីព្រោងព្រាត
បង្អួតផៅញាតិ ឆ្លៀតមកកម្សាន្ត។
ដូនមាឃបាណង្គ ទ្រង់ពណ៌បៃតង
ផ្សារស្តៅបំព្រង ផ្លូវមាសស្នេហា
គីឡូ៣៨ ដិតជាប់ឱរា
ល្អាងស្ពានសាស្រ្តា បុរេប្រវត្តិ។
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៦.០៤.២០១៣)
Monday, April 15, 2013
ទំនួញបាត់ដំបង
ឱ!បាត់ដំបង ធ្លាប់ច្បងខាងស្រូវ
ទេសភាពមើលទៅ គួរឲ្យស្រណោះ
ឃើញវាលស្រែធំ មានភ្នំទាបខ្ពស់
ធម្មជាតិដ៏ស្រស់ ចិត្តខុសពីមុន។
ប្រជាកំលាំង ខ្លាំងទៅស្រុកគេ
ចាកស្រុកព្រោះតែ ជីវភាពទ័លច្រក
ខំប្រឹងធ្វើស្រូវ ផលត្រូវចិត្តខក
ឈ្មួញតែងដំអក់ បន្ថោកតំលៃ។
ព្រៃប្រែហោះហើរ សឹងដីរលោង
បើទោះឃើញជ្រង មានតែជាប់ផ្លូវ
បើដើរលេងសុស លុះលង់ឥលូវ
ក្នុងនាមព្រៃជ្រៅ មើលទៅស្រលះ។
ប្រាសាទឯកភ្នំ យំព្រោះបាក់បែក
បាណន់ទឹកភ្នែក ស្រែកជេរទៅភ្នំ
ប្រាសាទបាសែត ស្នឹងដួលរលំ
ក្រូចពោធិ៍សាត់ក្រំ យំព្រោះល្បិចចោរ។
មកម៉ៅចំការ ថាយកតែផ្លែ
បាញ់ថ្នាំស្អីគេ ទេហួសនិស្ស័យ
ចេញផលដូចចិត្ត ពិតបានមួយដៃ
រួចចាកចោលស្រី រសផលប្រែល្អៀង។
បឹងទន្លេសាប រៀបទឹករាក់ក្រៃ
ដែនលិចទឹកព្រៃ បាត់រយហិចតា
នាមទឹកមានត្រី ប្រែខ្សត់មច្ឆា
ទំនួញសោកា ល្អក់ស្ទឹងសង្កែ។
មន្ទីរអប់រំ គុកធំកំផែង
ធ្លាប់ឬកខែងរ៉ែង កណ្តាលក្រុងខ្ញុំ
ដោះដូរសង់ឆ្ងាយ ទុកដីចាស់ម្តុំ
ឲ្យឈ្មួញសំងំ ចំណេញហូរហៀរ។
ធ្លាប់រីករុងរឿង ថ្កើងខ្ទរបុរី
បុណ្យប្រពៃណី សាមគ្គីពុំខាន
ដល់មកសព្វថ្ងៃ មិនដល់នឹកស្មាន
ចៅហ្វាយមិនបាន រលឹកនឹកនា។
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៤.០៤.២០១៣)
ស្ទឹងសង្កែស្នេហ៍កម្ម
ពេលល្ងាចរៃយំ ខ្ញុំសែនស្រណោះ
នឹកឃើញទាំងអស់ អនុស្សាវរីយ៍
កាលបងនិងអូន សាងក្បូនជីវី
ក្រោមដើមគគីរ មាត់ស្ទឹងសង្កែ។
ឥលូវស្នេហ៍ស្នង ភ្លេចបងហើយស្រី
រៀបការគូថ្មី ឆ្ងាយអនុស្សា
ភ្លេចអស់សម្បថ ស្រីស្បថសច្ចា
ថាស្មោះស្នេហា តែលើបងមួយ។
ឱ!ស្ទឹងសង្កែ ស្ទឹងស្នេហ៍ខ្ញុំអើយ
ចុះហេតុម្តេចឡើយ ស្រីក្បត់រូបបង
ភ្លេចពាក្យសំដី ដែលធ្លាប់សាសង
នៅបាត់ដំបង ដងស្ទឹងសង្កែ។
សូមគ្រប់ជាតិក្រោយ កុំឲ្យខ្ញុំជួប
ស្រីស្អាតតែរូប ចិត្តគ្មានមេត្តា
បោកប្រាស់ស្នេហ៍ខ្ញុំ ឲ្យឈឺចិន្តា
ស្រីភ្លេចសច្ចា សូមកុំឲ្យយល់។
នាំអូនដើរលេងលោកប្តី!
ថ្ងៃបុណ្យអុំទូក ចូលមកដល់ហើយ
នែ!លោកប្តីអ្ហើយ នាំអូនដើរលេង
មួយឆ្នាំមានម្តង គួរណាស់បងឯង
ជូនអូនដើរលេង កម្សាន្តអារម្មណ៍។
ថ្ងៃបុណ្យអុំទូក ខ្មែរគ្រប់ទិសទី
នាំគ្នាមូលមីរ នៅក្រុងភ្នំពេញ
នាមាត់ទន្លេ រលករលេញ
អស់ទូកប្រដេញ គ្នាលើគង្គា។
នាពេលព្រលប់ ចប់ការប្រណាំង
បរមរាជវាំង ចែងចាំងដូចពេជ្រ
កាំជ្រួចគ្រប់ពណ៌ ពាសមេឃរំលេច
ប្រទីបមិនតិច បណ្តែតជលសារ។
ពិធីអុំទូក ប្រារព្ធបីថ្ងៃ
បុណ្យប្រពៃណី ខ្មែរពីបុរាណ
ទាំងចាស់ទាំងក្មេង ដើរលេងកម្សាន្ត
នែ!ប្រុសកល្យាណ ដើរលេងណាបង។
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (២០.០៧.២០០៥)
ស្រណោះចូលឆ្នាំ
ស្រណោះចូលឆ្នាំ ចំណាំរាល់ប្រាណ
គ្រប់ស្រុកភូមិឋាន បានសុខសិរី
ទាំងយើងទាំងគេ ខ្មែរទាំងប្រុសស្រី
រាំវង់ឆ្នាំថ្មី សប្បាយអស្ចារ្យ។
កាលណោះប្រុសបង ស្កាត់មកជួបស្រី
នៅឯវត្តថ្មី រាំវង់សង្ហា
ខ្យល់បក់រំភើយ រាត្រីភ្លឺថ្លា
រស្មីតារា ចាំងច្រាលមេឃា។
ឆ្នាំថ្មីឡើងរាំ រណ្តំតាមភ្លេង
ទាំងចាស់ទាំងក្មេង កំលោះក្រមុំ
ភូមិជិតភូមិឆ្ងាយ ចិន្តាសុខុម
ឆ្នាំថ្មីរស់រម្យ ជួបជុំញាតិផៅ។
រាំទៅ!រាំទៅ! ខ្មែរគ្រប់ទិសទី
រាំវង់សាមគ្គី កេរពីបុរាណ
សប្បាយអស់ដៃ បីថ្ងៃកុំខាន
រាំលេងកម្សាន្ត ចង្វាក់រាំវង់។
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៤.០៤.២០១៣)
Saturday, March 2, 2013
អនុស្សាវរីយ៍ជ្រៃឃ្មុំ
មេឃមីរស្រលះ ជះរសរស្មី
ព្រះសូរ្យពណ្ណរាយ អមដំណើរទៅ
ព្រៃវែងជ្រៃឃ្មុំ ភូមិឃុំជម្រៅ
ដួងចិត្តលោកឪ ស្រុកកំណើតយាយ។
ពេលបានមកដល់ យល់ភក្រ្តវរមិត្រ
ជ្រៃឃ្មុំសម្រិត កាយចិត្តអោយស្បើយ
ជួបអ្នកភូមិផង បងប្អូនសាច់ឆ្ងាយ
ផ្លូវខ្សាច់អន្លាយ រាយផ្កាយលើភូមិ។
ដងផ្លូវខ្វាត់ខ្វែង រែងល្អងធូលី
ប្រុសស្រីមូលមីរ រួមគ្នារស់នៅ
សម្រស់វាលស្រែ ជាប់ចិត្តពាលពៅ
ដើមត្នោតរាយនៅ មើលទៅសែនស្រស់។
អនុស្សាវរីយ៍ រមណីយវាលធំ
ទេសភាពមនោរម្យ អោយខ្ញុំអាល័យ
ស៊ីធរកណ្តាល ចារជានិស្ស័យ
លាហើយណាថ្លៃ ជ្រៃឃ្មុំស្នេហ៍អើយ។
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (០២.០៣.២០១៣)
Thursday, February 28, 2013
ជ្រៃឃ្មុំជំរំចិត្ត
ដើមត្នោតដុះទេរ រៀបស្រែល្វឹងល្វើយ
ដើមឈើរហើយ រាយស្លឹកត្រសង
ឫស្សីរេរង់ ហាក់ជួយឆ្លើយឆ្លង
ជ្រៃឃ្មុំឃុំគ្រង ទងភួងបុប្ផា។
ផ្កាអ្វីស្រស់ណាស់ មិនដែលជួបទេ
ល្អស្អាតជាងគេ លើសអ្នកភូមិផង
ចេះតុបចេះតែង ក្រៅក្នុងម៉ត់ហ្មង
ផ្ទះឈើនួនល្អង សែនសមប្លង់ខ្មែរ។
ឱ!រសចំប៉ា ចិន្តាជ្រៃឃ្មុំ
ឬកពាររម្យទម ប្រណម្យថ្នមថ្នាក់
ការងារស្រាលធ្ងន់ អត់ធន់ទុកដាក់
សប្បាយឥតអាក់ មិនដែលធ្លាក់ដៃ។
ផ្ទៃបឹងត្រជាក់ ឆ្លាក់ស្នេហ៍និស្ស័យ
ប្រលោមស្រស់ស្រី ជ្រៃឃ្មុំដួងចិត្ត
ផលបុណ្យបុព្វេ លួងលោមនិម្មិត
បងលួចស្នេហ៍ពិត សំរិទ្ធព្រៃវែង។
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (២៧.០២.២០១៣)
Monday, February 25, 2013
រំចង់ព្រះត្រពាំង
ឱ!ព្រះត្រពាំង ដួងចិត្តខ្ញុំអើយ
វាលស្រែល្វឹងល្វើយ ធម្មជាតិខៀវខ្ចី
ជំនោរត្រជាក់ បក់មកប៉ីៗ
រែងនឹកអាល័យ ដងស្ទឹងស្រុកថ្កូវ។
ឱ!ព្រះត្រពាំង ភ្លឹកភ្លាំងស្មារតី
រំចង់រីកថ្មី ក្រអូបឈ្ងុយឈ្ងប់
រួសរាយរាក់ទាក់ រៀងរាល់ថ្ងៃយប់
ញាតិមិត្តប្រសព្វ កោតសរសើរស្រី។
ឱះឱ!រំចង់ បងសូមផ្សងស្នេហ៍
តើចិត្តមាសមេ យល់ដែរឬអ្វី?
ចិត្តរៀមលួចប៉ង បំណងលើស្រី
បន់អស់បារមី វត្តជ្រៃគោកថែ។
ឱ!ព្រះត្រពាំង ជួយលោមបុប្ផា
ស្រះគូជួយចារ ចិន្តាវរមិត្រ
ស្រលាញ់បងទៅ បណ្តូលជីវិត
សូមកែវអាណិត ដល់ចិត្តរៀមផង។
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៥.០២.២០១៣)
Subscribe to:
Posts (Atom)
Khmer People, The Main Citizen of Funan, Chenla and Kambujadesa Empire (Cambodia)
Khmer Woman From Kampong Cham Province in the Past Royal of Angkor Khmer Kambujadesa Empire (Cambodia at the peak in history) Khmer people...
-
I. ឱ!បាត់ដំបង បណ្តូលចិត្តអើយ ខ្ញុំសូមលាហើយ លាទាំងអាល័យ តាំងពី ខ្លួន ខ្ញុំ បានឃ្លាតទៅឆ្ងាយ ខ្វល់ខ្វាយនឹកស្តាយ ពុំមានពេលល្ហែ។ ...
-
Current Territory of Kampuchea Krom (South Vietnam) Kampuchea Krom refers to the previous territory of Cambodia until early 20th ce...
-
Central Market in Phnom Penh Chaktomuk Halll Olympic Village Housing, completed in 1964 by Architect VANN Moly Vann ...

