Monday, February 4, 2013

ពារាំងចំណងចិត្ត


ពារាំងឃុំទ្រា               នាមជាដីស្រស់
ធ្លាប់លឺដឹងឈ្មោះ         ដំណាលម្តាយខ្ញុំ
ជំនាន់ប៉ុលពត             ផ្តោតតែទុក្ខធំ
រស់ប្រមូលផ្តុំ               ជុំស្រែចំការ។

១៧មេសា                  គ្រួពីភ្នំពេញ
ក្នុងចិត្តទោម្នេញ           វិលវិញម្តេចបាន
មកដល់ព្រៃវែង            ស្រុកធ្លាប់ថ្កើងថ្កាន
ឥឡូវប្រៀបបាន           នរកអវិចី។

នឹកគ្រាដំណើរ             ចេញពីភ្នំពេញ
បនក្បត់បណ្តេញ          ដោយគ្មានមេត្តា
ថែមទាំងចាប់ខ្លួន          ល្បីអ្នករដ្ឋការ
គ្រប់ក្រុមគ្រួសារ           បោះបង់សំគាល់។

គ្រាន់តែមកដល់           កង្វល់គ្រប់ប្រាណ
គ្រួសារសុខសាន្ត         ត្រូវបានបែងចែក
ចាស់ៗទុកម្តុំ               ក្មេងៗមួយផ្នែក
ជំទង់មួយប៉ែក             ចូលកងចល័ត។

ជីវិតកម្សត់                  ខ្សត់ម្ហូបអាហារ
ជាគ្រាវេទនា               ពាធាជាងគេ
ធ្វើការធ្ងន់ៗ                 បនក្បត់ដៀលជេរ
លើកដីភ្ជួរស្រែ             ទាល់តែយប់ជ្រៅ។

បានគុណអ្នកភូមិ          រម្យទមរក្សា
ថែដូចគ្រួសារ              ប្រាថ្នាការពារ
មានម្ហូបចំណី              លួចទុកចែកគ្នា
បានឆ្អែតមួយគ្រា         នាបនប្រល័យ។

តែកម្មមិនផុត               សម្លុតព្រាត់ប្រាស
មារគ្រូភ្នំ(ពេញ)ចាស់     ផ្លាស់អោយទៅរៀន
ឆ្នាំចិតប្រាំពីរ               មរណៈបៀតបៀន
សំណាងមែនទែន        ស្លាប់ដោយជំងឺ។

ឆ្នាំចិតប្រាំបី                 កម្មអ្វីពង្រាត់
ជីដូនមួយគាត់             កម្សត់ទៅឆ្ងាយ
ប្រល័យពូជសាសន៍      ដោយបនក្បត់ដៃ
កន្សែងសល្បី              លាដីកម្ពុជា។

រីញាតិជិតខាង             ប្រិមប្រិយភ្នំពេញ
ញញឹមចេញធ្មេញ        វេញជាធ្លុងមួយ
ពេលបនប្រល័យ         តៃក្វាន់(ដូ)មិនធ្លោយ
ប៉ុលពតអ្នកអើយ          ស៊ូលុះតែក្ស័យ។

ពួកអត់សាសនា           បនមិនអស់ចៃ
បន្តប្រល័យ                 ញាតិថ្លៃបវរ
ប្រពន្ធពុកមារ              ក្មេងបួនស្អាតល្អ
វត្តកញ្ចំថ្ងូរ                   ម្តេចអាក្រក់ម៉្លេះ!។

ដល់វេនម្តាយខ្ញុំ            នាមយុវតី
បនប៉ងអោយក្ស័យ       បីដងមិនស្លាប់
ដំបូងបង្អស់                 នៅកងចល័ត
ប៉ុលពតដាច់ណាត់       ចាត់ការអោយអស់។

ដឹងខ្លួនរត់លូន             បីនាក់នារី
ហែលស្រែវារី              ទោះជ្រៅម្តេចម្តា
ប្រាថ្នារួចខ្លួន               ពួនក្នុងគេហ(ដ្ឋាន)
អ្នកភូមិរាំងពា              ធានាលាក់បាំង។

វៀតណាមបុករុក          បនជន្លៀសចេញ
មិនអោយវិលវិញ         ទាំងអ្នកភូមិផង
ទាំងចាស់ទាំងក្មេង       មិនអោយរំលង
ដំណើរតម្រង់              ត្រង់កំពង់ចាម។

រស់ប៉ុន្មាននាក់             ធ្លាក់កំពង់ចាម
គាប់ជួនវៀតណាម       ទម្លាក់គ្រាប់បែក
ចែកផ្លូវគ្នារត់                មកកាន់ភូមិបែក
មិនទាន់ដល់ផ្នែក          ភូមិមានឃាតករ។

សម្រេចដំណើរ            ដើរកំពង់ធំ
បនអោយនៅផ្តុំ            រម្យក្នុងផ្ទះល្អ
តែជាកលល្បិច            បនក្បត់ចិត្តថ្ម
ពេលយប់នោះហ្ន៎         ប្រល័យអស់ទៀត។

ផលបុណ្យអ្វីមាន         កម្មាភិបាល
ចិត្តល្អប្រសើរ              ម្នាក់ប្រាប់អោយដឹង
ថាអោយចូលពួន         ក្នុងរោងមាន់ហ្នឹង
យប់យន់ស្ងាត់ឈឹង      បននឹងប្រល័យ។

បានរួចខ្លួនហើយ         មិត្តអើយវិលវៃ
ពឹងញាតិប្រុសស្រី        ភូមិទ្រាកញ្ចំ
រណ្តំក្នុងចិត្ត                 គិតម្តេចសមរម្យ
ជីវភាពឧត្តម                អនាគតថ្មី។

ជីវិតកំព្រា                   គ្រាំគ្រាអាឡោះ
ញាតិមិត្តស្រីប្រុស        ស្លាប់អស់ទៅហើយ
លាភូមិកញ្ចំ                 ទុក្ខឥតដែលស្បើយ
លាហើយ! លាហើយ!   ទៅបាត់ដំបង។           

ប្រវត្តិឈឺចាប់              ប្រាប់ក៏មិនអស់
រៀបរាប់ដោយស្មោះ     ត្រួសៗពីម្តាយ
ជូរចត់ទឹកភ្នែក             ជាងបីឆ្នាំប្លាយ
ពារាំងសែនឆ្ងាយ         ព្រៃវែងចងចិត្ត។

រៀបរៀងដោយ៖ ប៉ុក បញ្ញាវុធ  (២៧.០១.២០១៣)
E-mail: pokpanhavuth@gmail.com

Khmer People, The Main Citizen of Funan, Chenla and Kambujadesa Empire (Cambodia)

  Khmer Woman From Kampong Cham Province in the Past Royal of Angkor Khmer Kambujadesa Empire (Cambodia at the peak in history) Khmer people...